ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្វពិធីប្រកាសមុខងារនាយការិយាល័យហិរញ្ញវត្ថុ និងបំពាក់ឋានន្តរសក្តិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ទោ វ៉ា សិុនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម មេបញ្ជាការ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន៥៥នាក់។
ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា សិុនភីរម្យ ក៏បានមានប្រសាសន៍ ណែនាំ និងផ្តាំផ្ញើដល់ នាយការិយាល័យហិរញ្ញវត្ថុថ្មី នៅចំណុចសំខាន់ៗមួយចំនួនរួមមានៈ
១. នាយការិយាល័យហិរញ្ញវត្ថុថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមេបញ្ជាការ និងអង្គភាពទាំងមូល
២. ត្រូវបើកចែកប្រាក់បៀវត្សរ៍ ឫចំណាយផ្សេងៗ អោយបានដល់ដៃ នាយ និងពលអាវុធហត្ថគ្រប់រូប
៣. ហាមដាច់ខាត ការកាត់ប្រាក់បៀវត្សរ៍ ឫចំណាយផ្សេងៗ របស់ នាយ និងពលអាវុធហត្ថគ្រប់រូប ឫការកំណត់អោយបង់វិភាគទានផ្សេងៗ ដើម្បីអោយបម្រើការងារផ្សេងៗ
៤. ហាមដាច់ខាត ការរកស៊ីចងការប្រាក់ ឫទិញប្រាក់ខែ
៥. ពង្រឹងសីលធម៌ក្នុងការរស់នៅ ការនិយាយស្តី និងទំនាក់ទំនងក្នុងសង្គម
៦. ពង្រឹងចំណងសាមគ្គីភាពផ្ទៃក្នុង អោយបានល្អ។
(អត្ថបទ ម៉ាន់ ដាវីត)