ព្រះវិហារៈ ឈើប្រណិតជាច្រើនដុំ ដែលឈ្មួញខិលខូចបានយកមកលាក់ទុក ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការជាមួយ កម្លាំងចម្រុះ បានរកឃើញ នៅវេលាម៉ោង១៣ និង០០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិម្លូរព្រៃ ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។
បើតាមប្រភពពត៌មានពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប បានឱ្យដឹងថា ឈើប្រណិតទាំងនោះ ត្រូវបានរកឃើញនៅផ្ទះ នៅចំណុចខាងលើ របស់ឈ្មោះ កែវ ហេន
ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិម្លូរព្រៃ ឃុំម្លូរព្រៃមួយ
ស្រុកឆែប ខេត្តព្រះវិហារ។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញនូវវត្ថុតាងមួយចំនួនរួមមានៈ
១. ឈើប្រណិតប្រភេទធ្នង់ ចំនួន៥១ដុំ
២. ឈើប្រណិតប្រភេទសុក្រម ចំនួន១២ដុំ
៣. ឈើប្រណិតប្រភេទកកោះ ចំនួន១២ដុំ
៤. ឈើអារលេខ២ ចំនួន៤២៨សន្លឹក។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យជាម្ចាស់ឈើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)