កំពតៈ នៅវេលាម៉ោង១៦ និង០០នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់ត្រាច បានធ្វើការឃាត់ជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិលក ឃុំឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថស្រុកកំពង់ត្រាច បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. តាំង លី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិលក ឃុំឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត
២. ប៉ុន ញ៉ី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ដើម្បីបន្តធ្វើការសាកសួរបន្ថែម។
បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេមានបក្ខពួកម្នាក់ទៀត មានឈ្មោះ កែវ សារី ភេទប្រុស២៦ឆ្នាំ មានទីលំនៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
បន្ទាប់ពីទទួលចម្លើយសារភាពរួចមក នៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យនោះភ្លាមៗ និងដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១.ទូរស័ព្ទដៃ ចំនួន០២គ្រឿង
២. ម៉ូតូចំនួន០១គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)