ភ្នំពេញៈ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នៅសាលសាវនាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ប៉ាប្លូម ល័ររេនហ្សូ អនុព័ន្ធយោធា នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបនិងជម្រាបលា បន្ទាប់ពីលោក ត្រូវបានបញ្ចប់បេសកកម្មនៅប្រទសកម្ពុជា និងត្រូវវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ នាពេលខាងមុខនេះ។
លោកវរសេនីយ៍ឯក ប៉ាប្លូម ល័ររេនហ្សូ បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យរូបលោក បានជូបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលដែលលោក ត្រូវបានបញ្ចប់បេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី សម្រេចភារកិច្ចទទួលបានជោគជ័យ ជាផ្លែផ្កាគួរជាទីមោទនៈ ក្នុងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា-ហ្វីលីពីន។
លោកវរសេនីយ៍ឯកប៉ាប្លូម ល័ររេនហ្សូ បានបន្ថែមថា ក្នុងរយៈពេលបីឆ្នាំ ដែលលោក បានបំពេញ បេសកកម្មនៅកម្ពុជា លោកទទួលបានកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ពន្ធនានា ពិសេសជាមួយកងរាជអាវុធហត្ថ ក្នុងការពារសន្តិសុខជូនប្រធានាធិបតីហ្វីលីពីន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងអាណាត្តិបេសកកម្មរបស់លោកវរសេនីយ៍ឯក បានផ្លាស់ប្តូរបទពិសោធន៍រវាងកម្លាំងទាំងពីរ ក្នុងកសាងធនធានមនុស្ស ហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈផ្សេងៗ ដូចជា ក្នុងសកម្មភាពបោសសំអាតគ្រាប់មីនជាដើម។
ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក ប៉ាប្លូម ល័ររេនហ្សូ ក៏បានកោតសរសើរដល់កម្លាំងកងរាជអាវុធហត្ថ ដែលបានសម្រេចភារកិច្ចដ៏ត្រចះត្រចង់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អ និងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ជួបការលំបាក ទទួលបាននូវការគាំទ្រ ជំនឿទុក្ខចិត្តពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងជូនពរ ដល់លោកវរសេនីយ៍ឯក ប៉ាប្លូម ល័ររេនហ្សូ ឲ្យសម្រេចបានជោគជ័យក្នុងភារកិច្ចថ្មីៗ ដែលរដ្ឋាភិបាល ប្រគល់ជូន។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៍លើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ដែលបានអនុវត្តកន្លងមក ក្នុងរយៈពេលដែលលោកវរសេនីយ៍បានបំពេញបេសកកម្មនៅកម្ពុជា មានភាពល្អប្រសើរ និងកាន់តែជិតស្និតទ្វេរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែលោកវរសេនីយ៍ឯក ជាស្ពានចំលងតភ្ជាប់ទំនងទំនងដ៏ល្អ នាំមកនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រជាជាតិទាំង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា កងយោធពលខេមរភូមិន្ទ និងចារិកលោកវរសេនីយ៍ឯក ទុកក្នុងប្រវត្តិសាស្ត្រយោធា ជាបុគ្គលគំរូ និងសង្ឃឹមថា អ្នកក្រោយៗទៀត ជាមនុស្សល្អដូចរូបលោកវរសេនីយ៍ឯកផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ផងដែរ ប្រសិនបើលោកវរសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាផ្លូវរដ្ឋ ឬជាឯកជន ក្រុមគ្រួសារ ឯកឧត្តម នឹងទទួលស្វាគមន៍គ្រប់ពេលវេលា។
ជាមួយគ្នា ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏ស្នើរដល់លោកវរសេនីយ៍ឯក ជួយជំរុញឲ្យអ្នកវិនិយោគទុន និងអ្នកទេសចរណ៍ ជនជាតិហ្វីលីពីន មករកស៊ីវិនិយោគ និងទេសចរនៅកម្ពុជាផងដែរ។