You are currently viewing កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ បង្ក្រាបបទល្មើសព្រៃឈើ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ចំនួន០១លើក ស្ថិតនៅចំណុចភូមិក្រាំងសរោង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. ឈើមូល ចំនួន ៩១ដុំ
២. ឈើច្រៀក ចំនួន ០៧ម៉ែត្រគូប
៣. ម៉ាស៊ីនច្រៀក ចំនួន ០៣គ្រឿង
៤. ម៉ាស៊ីនគោយន្ត ចំនួន ០២គ្រឿង
៥. គោយន្ត ចំនួន ០២គ្រឿង
៦. ម៉ូតូចំនួន ០១គ្រឿង។

មន្ត្រីដដែលបានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយបទល្មើសខាងលើនោះផងដែរ។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)