រតនគិរីៈ នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្ដូងមាស បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិលោម ឃុំម៉ាលិក
ស្រុកអណ្ដូងមាស ខេត្តរតនគិរី មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ខួន ធូ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់១.៦៩ក្រាម
២.ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៣.ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង
៤. សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀន និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)