You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៤និិង០០នាទី នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង​ លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ កងអនុសេនាធំចល័តលេខ១៦ និងនាយទាហាន នាយហានរង នៃកងរាជអាវុធហត្ថចំនួន១០៨នាក់។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានដាក់ចេញនូវវិធានការណ៍ និងទិសដៅមួយចំនួនរួមមាន៖
១ -ធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្តិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខេត្ត ក៍ដូចមូលដ្ឋាន ក្រុង-ស្រុក។
២ -ត្រៀមកម្លាំង មធ្យោបាយ សម្ភារ:គ្រឿងបំពាក់ សម្រាប់បំរើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយជាយថាហេតុ។
៣ -ចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន។
៤ -ចាត់តាំងកម្លាំងជំនាញ ចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើស។
៥ -អនុវត្ត បង្ការ បង្រ្កាប បទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់ទន្រ្ទានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់។
៦ -ត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្រ្កាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្រ្តខេត្ត ក៍ដូចតាមមូលដ្ឋានក្រុង-ស្រុក ផងដែរ។ លោកឧត្ដមសេនីយ៍មេបញ្ជាការបានមានប្រសាសន៍បន្ថែមទៀតថា ជាពិសេស ការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័ន សមត្ថកិច្ចជំនាញ​ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ។

ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានធ្វើការផ្សព្វផ្សាយអំពីផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សាធារណ:សម្រាប់ដំណើការបោះឆ្នោតជ្រើសរើសក្រុប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខនេះឲ្យមានសន្តិសុខល្អប្រសើរ និងបានផ្ដាំផ្ញើដល់មេបញ្ជាការ គ្រប់មូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ត្រូវណែនាំផ្សព្វផ្សាយដល់សមាជិករបស់ខ្លួនឲ្យបានជ្រួតជ្រាបនូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកាតព្វកិច្ចការពារក្នុងរយ:ពេលបោះឆ្នោតខាងមុខផងដែរ។