You are currently viewing ជនសង្ស័យមួយក្រុម ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

ជនសង្ស័យមួយក្រុម ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

បន្ទាយមានជ័យៈ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២២និង០០នាទី ដោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋថា នៅចំណុចកាស៊ីណូផារ៉ាមិុច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីហិង្សាមួយកើតឡើង បង្កដោយជនសង្ស័យ០១ក្រុមមានគ្នាប្រហែលជាងដប់នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបងឈើជ្រុង កាំបិត កូនសោរម៉ាឡេត វាយទៅលើក្រុមជនរងគ្រោះចំនួន០៦នាក់ បណ្ដាលឲ្យរងបួសស្រាល០៥នាក់ និងរបួសធ្ងន់០១នាក់។
ក្រោយពីទទួលបានព័ត៍មានហើយ ភ្លាមៗនោះ កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត បានចុះធ្វើប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅនឹងកន្លែងកើតហេតុតែម្ដង ចំណែកបក្សពួកមួយចំនួនទៀតបានរត់គេចខ្លួនបាត់អស់ និងបានចាប់យកបានដំបងឈើជ្រុងចំនួន០២ដើម និងម៉ាឡេត០១ដើម។

មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១/ឈ្មោះ ចក់ អិុ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២/ឈ្មោះ វិទ្ធ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៣/ ឈ្មោះ សុិន វណ្ណី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤/ ឈ្មោះ សាន្ត ចន្ថា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីដដែល បានបន្តឲ្យដឹងទៀតថា ក្រោយសាកសួររួចជនសង្ស័យទាំង០៤នាក់ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរេសនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលកាងារបទល្មើសព្រហ្មទណ្ឌ បានឲ្យដឹងថា បើតាមការសាកសួររបស់ មន្ត្រីអាវុធហត្ថជំនាញ សួរទៅលើជនរងគ្រោះឈ្មោះ ហេង ណាទីន ដែលងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មិនអាចធ្វើការឆ្លើយបំភ្លឺបានទេ ដោយឡែកជនរងគ្រោះចំនួន០៥នាក់ មានឈ្មោះ ១/ឈ្មោះ លីង ឆៃយ៉ា ២/ឈ្មោះ ហ៊ុន ឆាលី ៣/ឈ្មោះ សុខ ប៊ុនតឹង ៤/ឈ្មោះ ហ៊័ង ស៊ីដែន ៥/ឈ្មោះ អន ភក្ដី បានបំភ្លឺប្រហាក់ប្រហែលគ្នាថា នៅពេលកើតហេតុពួកគេទើបចេញពីញ៉ាំការហើយនាំគ្នាត្រឡប់មកធ្វើការវិញ ដោយបានជិះម៉ូតូ០៣គ្រឿង ពេលមកដល់ចំណុចកើតហេតុ ក៍នាំគ្នាឈប់ម៉ូតូដើម្បីទិញបាយ ស្រាប់តែមានក្រុមជនសង្ស័យមានគ្នាប្រហែលជាង១០នាក់ ប្រដាប់ដោយដំបងឈើ កាំបិត និងម៉ាឡេត ធ្វើសកម្មភាពដេញវាយពួកខ្លួនតែម្ដង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឲ្យដឹងទៀតថា ចំណែកជនសង្ស័យទាំង០៤នាក់ ក្រោយពីសមត្ថកិច្ចជំនាញសាកសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពវាយទៅលើពួកជនរងគ្រោះទាំង០៦នាក់ពិតប្រាកដមែន។

ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។ រីឯជនសង្ស័យដែលបានគេចខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន យកមកផ្ដន្ទាទោសបន្តទៀត។