ព្រះសីហនុៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ជាមេក្លោងក្នុងការចែកចាយគ្រឿងញៀនដ៏សកម្ម ស្ថិតនៅចំណុចក្រុមទី២៥ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ត្រីដែលជាជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ បេន ចន្រ្ទា ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើត ឃុំសត្វពង ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នរស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥២កញ្ចប់ ដែលមានទម្ងន់៦.៥២ក្រាម
២.ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៣. ម៉ូតូ ចំនួន០១គ្រឿង និងលុយខ្មែរចំនួន១០ម៉ឹនរៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។