ព្រះសីហនុៈ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ស្ថិតនៅចំណុចក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន។
តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ត្រីជាជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ចាន់ ស្រីផល ភេទស្រី អាយុ២៥ឆ្នាំ មុខរបរធ្វើការក្នុងហាងបរទេស មានស្រុកកំណើតភូមិសែសិន ឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅក្រុម៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមដីការបង្គាប់លេខលេខ១១៣៤តព/១៧ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់
២. ដែកកេះ ចំនួន០៥
៣. ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)