ស្វាយរៀងៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយជ្រុំ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ ស្ថិតនៅចំណុចភូមិប្រសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ភិន ដែន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិប្រសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៨០កញ្ចប់
២. ម៉ូតូម៉ាក ហុងដាអាយខន ចំនួន ០១គ្រឿង
៣. ទូសព្ទដៃ ចំនួន០២គ្រឿង
៤. នាឡិកាដៃ ចំនួន១គ្រឿង
៥. ប្រាក់ដុល្លា ចំនួន១៧ដុល្លារ
៦. ប្រាក់រៀល ចំនួន១សែន ៥ម៉ឺនរៀល
៧. ប្រាក់វៀតណាម ចំនួន៤៦ម៉ឺនដុង
៨. កូនកន្ត្រៃចំនួន១ មិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)