ត្បូងឃ្មុំៈ នៅវេលាម៉ោង ០៨ៈ០០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើការបោះឆ្នោត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយសេនាធិការរង ប្រធាន/អនុមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋាន ស្រុក/ក្រុង ប្រធានស្នាក់សន្តិសុខ នាយទាហាន នាយទាហានរងនៃ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សរុបចំនួន ១២០នាក់ ។
ក្នុងអង្គពិធី លោកវរសេនីយ៍ឯក អ៊ាង ភារៈ បានណែនាំដល់នាយទាហាន នាយទាហានរងនៃ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំទាំងអស់ ត្រូវគោរពអោយបានម៉ឺងម៉ាត់ នូវច្បាប់ និងក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភា្នក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើការបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដោយមិនត្រូវប្រព្រឹត្តនូវកំហុសឆ្គងណាមួយផ្ទុយពីក្រមសីលធម៌ពិសេសក្នុងដំណើរការបោះឆ្នោត ដែលធ្វើអោយជះឥទ្ធិពលអាក្រក់ ប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថជាដាច់ខាត់។
ជាមួយគ្នានោះផងដែរ លោកកក៏បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ ក្នុងនាមជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោតតាមច្បាប់ និងដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយនោះ ត្រូវពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធផ្ទាល់ខ្លួន ដូចជាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បណ្ណពត៌មានបោះឆ្នោត ។ល។ ដើម្បីកាន់ទៅចូលរួមបោះឆ្នោតនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះអោយបានគ្រប់ៗគ្នា។