You are currently viewing ថវិកាប្រមាណ ៦០០០ដុល្លា ដែលបានមកពី មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ត្រី មាស សាម៉ុន

ថវិកាប្រមាណ ៦០០០ដុល្លា ដែលបានមកពី មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ត្រី មាស សាម៉ុន

ភ្នំពេញៈ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួល មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ និងក្រុមការងារ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកា របស់ មូលនិធី មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន ១៨.២៥០.០០០រៀល (ដប់ប្រាំបីលាន ពីរសែន ប្រាំម៉ឺនរៀល) និង ១៣៩៥ដុល្លា (មួយពាន់បីរយកៅសិបប្រាំដុល្លា) ទៅជូនគ្រួសារសព លោកអនុសេនីយ៍ត្រី មាស សាម៉ុន នាយទាហាន កងអនុសេនាធំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៥០ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួល មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ បានឱ្យដឹងថា ថវិកា របស់ មូលនិធិនេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្នុងនោះថវិកាចំនួន១០.០០០.០០០រៀល (ដប់លានរៀល) គឺជាថវិកាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី តំណាង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក៏បានសម្តែង នូវការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ លោកអនុសេនីយ៍ត្រី មាស សាម៉ុន ពីជួរអង្គភាព កងរាជអាវុធហត្ថ ហើយឥឡូវនេះ លោកអនុសេនីយ៍ត្រី មាស សាម៉ុន ក៏បានឃ្លាតឆ្ងាយ ពីក្រុមគ្រូសារ ឃ្លាតឆ្ងាយពីកូនប្រុស កូនស្រី ទាំងអស់ ជារៀងរហូត ហើយមិនអាចត្រឡប់វិញឡើយ។

ជាចុងក្រោយ ក្រុមគ្រួសារនៃសព ក៏បានសម្ដែងនូវក្តីរំភើប ចំពោះ កាយវិការប្រកបដោយសប្បុរសធម៌ និងព្រហ្មវិហារធម៌ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានយកចិត្តទុកដាក់គិតគូរ ក្នុងការចូលរួមរំលែកទុក្ខ នាពេលនេះផងដែរ៕

ទាំងអស់នេះហើយ សបញ្ជាក់អោយឃើញពី ស្មារតីមនុស្សធម៌ សាមគ្គីភាព សីលធម៌ ក្នុងនាមមហាគ្រួសារ កងរាជអាវុធហត្ថ ដែលតែងតែយកចិត្តទុកដាក់ ជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ ពណ៌សម្បុរ ឋានៈ សាសនា ឫនិន្ទាការ នយោបាយណាមួយឡើយ។