ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងទិសដៅ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៏ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំងពីរ មេបញ្ជាការរង តាមបណ្តារាជធានី-ខេត្ត និងនាយការិយាល័យ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការ ទទួលបន្ទុកស្នងការដ្ឋានប្រតិបត្តិការ បានអានរបាយការណ៍ជូនអង្គប្រជុំថា៖ ក្នុងខែឧសភាឆ្នាំ២០១៧នេះ បទល្មើសកើតឡើងមានចំនួន៣៥៨លើក ក្នុងនោះបទល្មើសឧក្រិដ្ឋមានចំនួន១៥២លើក និងបទល្មើសមជ្ឈិម២០៦លើក។
បន្ទាប់មកទៀត មេបញ្ជាការរង តាមបណ្តារាជធានី-ខេត្តក្រុង ក៏បានឡើងធ្វើបទអន្តរាគមន៏ដកស្រង់បទពិសោធន៏ និងផ្ដល់មតិស្វែងយល់អំពីកិច្ចការងារដែលបានអនុវត្តកន្លងមក។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្សពិសេន ក៏បានមានប្រសាសន៏វាយតម្លៃខ្ពស់ ទៅដល់មេបញ្ជាការរងទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានយកចិត្តទុកដាក់គោរពតាមបទបញ្ជា គោរពវិន័យ គោរពតូនាទីភារកិច្ច ក្នុងកិច្ចចូលរួមយ៉ាងសកម្មនៅភារកិច្ចការងាររក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរជាពិសេសការរក្សាសុវត្ថិភាព។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ជាពិសេសកម្លាំងដែលត្រូវទៅការពារតាមមណ្ឌល និងការិយាល័យបោះឆ្នោតត្រូវអនុវត្តតាមវិធានការ១១ចំណុច ដែលបានដកស្រង់ចេញពីក្រមនីតិវិធីរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត។
ឯកឧត្តម ក៏បានមានប្រសាសន៍បញ្ជាក់ទៀតថា៖កម្លាំងការពារតាមមណ្ឌល និងការិយាល័យបោះឆ្នោតត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ឬសកម្មភាពបំពារបំពានច្បាប់ផ្សេងៗទៀត ដែលជាហេតុបង្កឲ្យមានការភ័យខ្លាច និងប៉ះពាល់បរិយាកាសនយោបាយ និងសន្តិសុខជាតិទាំងមូល។