កំពង់ចាមៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ គឺធ្វើឡើងជា០២ដំណាក់កាល ដោយប្រតិបត្តិការលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ ស៊ុយ ម៉ាឡែន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបានធ្វើការចាប់យកបាននូវវត្ថុតាងមួយចំនួនរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ ០.៣៩ក្រាម
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៣. ម៉ូតូ ចំនួន០១គ្ររឿង។
បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ចូនទៅ បញ្ជាការដ្ឋានខេត្ត ដើម្បីបន្តធ្វើការសាកសួរ។
បន្ទាប់ពីបានធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនៅមានបក្ខពួកម្នាក់ទៀត មានឈ្មោះ វង់ សុវណ្ណារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ ស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោ១១ និង០០នាទី ថ្ងៃឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ក៏បានសុំការសហការពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បី ធ្វើការឆែកឆេរលំនៅដ្ឋានខាងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យនោះ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។