កំពង់ធំៈ នៅវេលាម៉ោង១៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្ទោង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិលាបទង ឃំុកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មានជាប់ពាក់ព័ន្ធជាមួយករណីរំលោភលើទំនុកចិត្ត។
តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថស្រុកស្ទោង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ បេង ផល្លីន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិលាបទង ឃំុកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យខាងលើនេះ បានទៅលេងផ្ទះមិត្តភ័ក្ត្ររបស់ខ្លួន ស្ថិតនៅភូមិបឹងដូនបា៉ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប និងបានខ្ចីម៉ូតូ របស់មិត្តភ័ក្ត្រនោះ ជិះដើរលេង ស្រាប់តែជនសង្ស័យខាងលើនោះ បានជិះម៉ូតូ របស់ជនរងគ្រោះនោះ គេចខ្លួនបាត់ ប៉ុន្តែសំណាងអាក្រក់ ម៉ូតូនោះ ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធស្វែងរក (GPS ) ទើបកម្លាំងអាចឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានប្រគល់ជូន ជនរងគ្រោះវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)