ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២១០៧ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំ ស្តីពីការណែនាំ ធ្វើតារាងប្រៀបធៀប បញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង ឈួន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារភស្តុភារបច្ចេកទេស តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៏ទោ គង់ ដាំ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការរង តាមបណ្តារាជធានី ខេត្ត ក្រុង ទទួលការងារជំនាញភស្តុភារ និងបច្ចេកទេស ព្រមទាំងនាយការិយាល័យវិស្វកម្ម ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ត្រី សូវ ពុទ្ធា នាយការិយាល័យ វិស្វម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានសារាចរ ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ របស់រាជរដ្ឋាភិបាល កម្ពុជា លេខៈ០៧.ស.រ. ចុះហត្ថលេខា ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក តេង ឈួន បានមានប្រសាសន៍ថា៖ ការបើកកិច្ចប្រជុំថ្ងៃនេះ គឺចង់បញ្ជាក់ឱ្យមេបញ្ជាការរង តាមបណ្តារាជធានី/ ខេត្ត ក្រុង ទទួលការងារជំនាញភស្តុភារ និងបច្ចេកទេស ព្រមទាំងនាយការិយាល័យវិស្វកម្មទាំងអស់ បានយល់អំពីរបៀបផ្ទៀតផ្ទាត់ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហើយការផ្ទៀតផ្ទាត់នេះ គឺយកតួលេខតាមតារាងបៀបធៀបទ្រព្យសម្បត្តិរដ្ឋ កើនឡើងថយចុះឆ្នាំ២០១៥ ជាគោលដើម្បីបញ្ចូលក្នុងតារាងបៀបធៀបទ្រព្យសម្បត្តិរដ្ឋ កើនឡើង ថយចុះ ឆ្នាំ២០១៦ នេះ ដូច្នេះអស់លោកមេបញ្ជាការរងទទួលការងារភស្តុភារ បច្ចេស និងនាយការិយាល័យវិស្វកម្ម ទាំងអស់ចំណុះឱ្យរាជធានី /ខេត្ត ក្រុង ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធ មកឆ្លុះបញ្ចាំងក្នុងការផ្គួរផ្គងវាយតម្លៃចលន អចលនទ្រព្យ ជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិ និងផ្ទៀងផ្ទាត់បញ្ជីសារពើភ័ណ្ឌ តាមចំនុចទាំងបួនដែលមានដូចខាងក្រោម៖
១.តារាងដីធ្លី និងអាគារ ២.តារាងសម្ភារៈបរិក្ខារបច្ចេកទេស ឧស្សាហកម្ម
៣.តារាងយានយន្ត និងគ្រឿងចក្រ
៤.តារាងសម្ភារៈនិងសង្ហារឹមសរុបមានតម្លៃប៉ុន្មានរៀល។
ដើម្បីងាយស្រួលគណៈកម្មការពិនិត្យនិងវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ,ការវាយតម្លៃអចលនទ្រព្យត្រូវយកតាមតារាងមូលដ្ឋានគិតពន្ធលើអចលនៈទ្រព្យនៃតំបន់ផ្សេងៗរបស់រាជធានី/ខេត្តក្រុងនិងផ្អែកលើការវាយតម្លៃជាក់ស្តែងរបស់គណៈកម្មការ។
ជាចុងក្រោយ ឯកឧត្ដម ក៏បានផ្តាំផ្ងើ ដល់មេបញ្ជាការរង តាមបណ្តារាជធានី ខេត្ត ក្រុង ទទួលការងារជំនាញភស្តុភារ,បច្ចេកទេស និងនាយការិយាល័យវិស្វកម្មទាំងអស់ ត្រូវចេះថែរក្សាអោយបានល្អនៅទ្រព្យសម្បត្តិរបស់អង្គភាព ដូចជាៈយានយន្ត,រថយន្តសារ៉ែន ឬរថយន្តសម្រាប់ដឹកជញ្ជូន កម្លាំងកងរាជអាវុធហត្ថចល័យជាដើម ដើម្បីធានាក្នុងការប្រតិបត្តិការ និងថែរក្សាដុះខាត់អាវុធគ្រាប់ អោយបានល្អប្រសើរថែមទៀតផង៕