ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានចុះអនុសារណៈយោគយល់គ្នា ជាមួយតំណាងក្រុមហ៊ុន លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមហ៊ុនមានគំរោងផែនការ ជួយឧបត្ថម្ភលើគំរោងតម្រង់ទិសក្នុងវិស័យបាល់ទាត់របស់សហព័ន្ធបាល់ទាត់កម្ពុជាដល់យុវជន យុវនារី ទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត។
លោក អៀន វ៉ាតសុន បានបន្ថែមថា ការចុះអនុសារណៈយោគយល់នេះ មានរយៈពេល២ឆ្នាំ ក្នុងគំរោងថវិកា ២០ម៉ឺនដុលា្លរ ដែលនឹងផ្តល់សម្រាប់ដំណើរការសាលាតម្រង់ទិសបាល់ទាត់ ក្រុមហ៊ុននឹងបន្តពិភាក្សាបន្ថែមលើកិច្ចព្រមព្រៀងផ្សេងៗទៀត ជាមួយនឹងសហព័ន្ធបាល់ទាត់កម្ពុជា។
ថវិកា ២០ម៉ឺនដុល្លារនេះ ផ្តល់ទៅលើផ្នែកសម្ភារៈកីឡា ការហ្វឹកហាត់ និងការផ្តល់ពានរង្វាន់ក្នុងការប្រកួតនានា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះជាឱកាសដ៏ល្អ ដែលក្រុមហ៊ុនសែលកាត បានរួមចំណែកក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ នៅក្នុងប្រទេស ទាំងផ្នែកបុរស ផ្នែកនារី ដែលជាជំហានមួយ ឆ្ពោះទៅកាន់ស៊ីហ្គាមឆ្នាំ២០២៣ ហើយគំរោងនេះនឹងកសាងសាលាបណ្តុះបណ្តាលកីឡាបាល់ទាត់ឲ្យាបានទាំង២៥រាជធានី ខេត្ត ទូទាំងប្រទេស។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកការចុះអនុសារណៈនេះ ក្នុងគោលដៅពង្រឹងយុវជនទាំងបច្ចេកទេសហ្វឹកហាត់ឲ្យតាមស្តង់ដារ ក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គាមឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ហើយគម្រោងសាលាបាល់ទាត់ទូទាំងប្រទេស សម្ពោធជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧តទៅ ដែលការចាប់ផ្តើមចេញពីខេត្តស្វាយរៀងមុនគេ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងពីគំរោងរបស់សហព័ន្ធបាល់ទាត់កម្ពុជា មាន៦ចំណុចសំខាន់ៗ រូមមាន ការបណ្តុះបណ្តាលធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធទីលានបាល់ទាត់ សម្ភារៈ ឧបករណ៍ កីឡាបាល់ទាត់ ប្រាក់ឧបត្ថម្ភដល់គ្រូបង្វឹករួមជាមួយមន្រ្តីពាក់ព័ន្ធ ការរៀបចំប្រកួត និងប្រព័ន្ធត្រួតពិនិត្យវាយតម្លៃគុណភាពប្រសិទ្ធភាពគំរោង។
(អត្ថបទ ឧ អេង ហីុ)