កណ្តាលៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចក្រោមស្ពានព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ផុន រី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៧កញ្ចប់ ផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)