បន្ទាយមានជ័យៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៧ និង៣០នាទី ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីសេចក្ដីណែនាំ ពីក្រមសីលធម៌ និងសម្រង់ទោសប្បញ្ញត្តិក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំចល័តលេខ១៦ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថចំនួន១៤៥នាក់បានចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានលើកយកខ្លឹមសារមួយចំនួន មកផ្សព្វផ្សាយណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ឲ្យបានជ្រួតជ្រាបពីក្រមសីលធម៌ សម្រង់ទោសប្បញ្ញតិក្នុងច្បាប់ស្ដិពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ រួមមានៈ
១-ផ្សព្វផ្សាយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការផ្អាកមិនឲ្យលក់ដូរនិងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៤ ពីថ្ងៃទី០៣ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
២-ផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីការចាត់តាំងបំផុសសកម្មភាពវប្បធម៌ សិល្បះ និងកីឡា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣- ១៤ កក្កដា ២០១៧)។
៣-ផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការជំរុញគ្រូបង្គោលដើម្បីចុះអប់រំផ្សព្វផ្សាយស្ដីពីផលប៉ះពាល់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន ជាអំពើខុសច្បាប់ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថគ្រប់បណ្ដាកងឯកភាពឲ្យបានយល់ជ្រួតជ្រាបគ្រប់ៗគ្នា។
៤-ផ្សព្វផ្សាយវិធានការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៤។
ឯកឧត្ដម មេបញ្ជាការបានមានប្រសាសន៍ដាក់បទបញ្ជាដល់កម្លាំងការពារមណ្ឌល និងការិយាល័យបោះឆ្នោតត្រូវយកចិត្តទុកដាក់ការសហការ និងត្រៀមលក្ខណ:សហការជាមួយ គ.ជ.ប និងគណ:កម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់កម្លាំងដើម្បីផ្ដល់ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោត។
ឯកឧត្ដម មេបញ្ជាការ ក៏បានក្រើនរំលឹកដល់កម្លាំងជាភ្នាក់ងារការពារសន្តិសុខតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតត្រូវប្រកាន់ជំហរអព្យាក្រិិត្យមិនលម្អៀង និងមិនត្រូវបញ្ចេញការគាំទ្រ ឬប្រឆាំងចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ឡើយ។
ឯកឧត្ដម ក៏បានមានប្រសាសន៍បន្ថែមទៀតថា បើកម្លាំងណាម្នាក់ប្រព្រឹត្តអំពើខុសពីទោសប្បញ្ញត្តិរបស់ គ.ជ.ប ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។