ភ្នំពេញៈ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួល មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន៣៣លានរៀល ទៅជូនគ្រួសារសព លោកអនុសេនីយ៍ត្រី ស៊ីវ សុខលាង ជំនួយការ ការិយាល័យ ប្រឆាំងភេវរកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ បានឲ្យដឹងថា ថវិការបស់មូលនិធិនេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនាមមនុស្សធម៌ សាមគ្គីភាព និងក្តីសណ្តោសប្រណី នៃមហាគ្រួសារ កងរាជអាវុធហត្ថ ក្នុងនោះដែរថវិកាចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។
លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត បានបន្តឲ្យដឹងទៀតថា នេះគឺជាសពទី៣ហើយ ដែលមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ បាននាំយកថវិកា សប្បុរសធម៌ទាំងនោះ ទៅចូលរួមរំលែកទុក្ខគ្រួសារសព។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី តំណាង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក៏បានសម្តែង នូវការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ លោកអនុសេនីយ៍ត្រី ស៊ីវ សុខលាង ពីជួរអង្គភាពកងរាជអាវុធហត្ថ ហើយឥឡូវនេះ លោកអនុសេនីយ៍ត្រី ស៊ីវ សុខលាង ក៏បានឃ្លាតឆ្ងាយពីក្រុមគ្រូសារ ឃ្លាតឆ្ងាយពីកូនប្រុស កូនស្រី ទាំងអស់ជារៀងរហូត ហើយមិនអាចត្រឡប់វិញបានឡើយ។