បន្ទាយមានជ័យៈ នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជាប់ពាក់ព័ន្ធជាមួយករណីលួចកាច់សោរកម៉ូតូ ។
មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ លីវ ញឹម ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូចំនួន០១គ្រឿង ម៉ាកស្កុបពី ពណ៌ស លាយខៀវ ឆ្នាំ២០១៤ គ្មានស្លាកលេខ នៅវេលាម៉ោង០៦ និង០០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីដដែល បានបន្តឲ្យដឹងទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនបានហើយ ជនសង្ស័យត្រូវបានបញ្ជូនមក មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លីវ ញឹក និងបក្សពួក០៤នាក់ទៀត ត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ធ្លាប់ចាប់ខ្លួនបញ្ជូនទៅតុលាការម្ដងហើយកាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៣ ពីបទលួចម៉ូតូដែរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យរូបនេះទើបនឹងចេញពីពន្ធនាគារ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ថ្មីៗនេះ ហើយបានធ្វើសកម្មភាពលួចម៉ូតូចំនួន០៣លើក ជាបន្តបន្ទាប់ ដោយលើកទី០១ លួចម៉ូតូម៉ាកឃ្លិច ពណ៌ស នៅចំណុចផ្សារត្រី ស្ថិតក្នុងក្រុងប៉ោយប៉ែត តែត្រូវបានម្ចាស់ដេញទាន់ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ លើកទី០២ ក្នុងថ្ងៃដដែលជនសង្ស័យបានលួចម៉ូតូម៉ាកឃ្លិចនៅហាងការហ្វេនៅចំណុចផ្សារអគ្គ ស្ថិតក្នុងប៉ោយប៉ែត ហើយត្រូវបានម្ចាស់ដេញតាមរហូតដល់ចំណុចផ្សារកណ្ដាល ស្ថិតក្នុងក្រុងប៉ោយប៉ែត ជនសង្ស័យបានផ្ដួលម៉ូតូចោលហើយបានរត់គេចខ្លួនដោយសុវត្ថិភាពទៀត ហើយនៅលើកទី០៣នេះ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង០៦ព្រឹក នៅចំណុចផ្សារត្រី ក្រុងប៉ោយប៉ែត ជនសង្ស័យបានលួចម៉ូតូម៉ាកស្កុបពី ពណ៌ស លាយខៀវ សេរី២០១៤ ហើយយកទៅលាក់ទុកនៅចំណុចសាលារៀន០២ជាន់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយជនសង្ស័យបានដើរទៅរកអ្នកទិញ ប៉ុន្តែត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះពុំ តេ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបាននាំជនសង្ស័យទៅយកម៉ូតូដែលលួចបានហើយយកទៅលាក់។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឲ្យដឹងទៀតថា ក្រោយពីការសាកសួរចម្លើយរបស់សមត្ថកិច្ចជំនាញរួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូពិតបាកដមែន។
ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញ។