បាត់ដំបងៈ នៅវេលាម៉ោង១៥ និង៤៥នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. អៀង សុឃឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២. ឃិន វុទ្ឋី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០៤ កញ្ចប់ ដែលមានទម្ងន់ ៣៧,៩២ក្រាម
២. ថ្នាំញៀនប្រភេទកេតាម៉ីន ចំនួន ១០ គ្រាប់ កន្លះ
៣. ទូរស័ព្ទដៃ ចំនួន០៦គ្រឿង
៤. រថយន្ត ម៉ាក មីនីគូបពើ ចំនួន០១គ្រឿង
៥. គ្រាប់កាំភ្លើងប្រភេទ ៩ មីលីម៉ែត្រ ចំនួន ១៨ គ្រាប់
៦. គ្រាប់កាំភ្លើងប្រភេទ AK ចំនួន ១៥ គ្រាប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)