បាត់ដំបងៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ គឺធ្វើឡើងជា០២ដំណាក់កាល ដោយដំណាក់កាលលើកទី១ គឺធ្វើឡើងនៅវេលាម៉ោង ១៥ និង០០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ដោបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចផ្សាទំនេីបបូរីថ្មី ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ទែន សុខរត្ន័ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង
២. កែវ សុចិន្ដា ហៅដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ធ្វេីស្រែ រស់នៅ ភូមិដង្កោក្រៅ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង
៣.ផាន់ សារី ហៅ ដាវ ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យរួចមក ជនសង្ស័យទាំងនោះត្រូវបានបញ្ចូនទៅ បញ្ជាការដ្ឋានខេត្ត ដើម្បីបន្តធ្វើការសាកសួរ។
បន្ទាប់ពីសាកសួរចម្លើយរួចមក ជនសង្ស័យទាំង០៣នាក់នោះ បានឆ្លើយសារភាពថា រូបគេមានបក្ខពួកម្នាក់ទៀតមានឈ្មោះ យុន និត ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ក្រុមទី១៥ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបក្ខពួករូបនោះ តែងតែយកថ្នាំញៀន យកមកអោយពួកគេប្រើប្រាស់ជាប្រចាំ។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក កម្លាំងកងរាជអាវុធហត្ថ ក៏បានសូមការសហការ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះទៅដល់ទីតាំងជនសង្ស័យ និងបានធ្វើការឃាត់ខ្លួន ហើយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០១កញ្ចប់ ដែលមានទម្ងន់ ១.០៥ ក្រាម
២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣. សម្ភារៈសម្រាប់វិចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)