ស្វាយរៀងៈ នៅល្ងាចទី១២ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយ លោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារកសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ជិត២៧លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនាមមនុស្សធម៌ សាមគ្គីភាព និងក្តីសណ្តោសប្រណី នៃមហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនគ្រួសារសព លោកនាយចំណង់ រ័ត្ន វណ្ណៈ នាយទាហានរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅសង្កាតគីឡូ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងនោះដែរថវិកាចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។
លោកវរសេនីយ៍ឯក តូច សាវឿន តំណាង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក៏បានសម្តែង នូវការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ លោកនាយចំណង់ រ័ត្ន វណ្ណៈ ពីជួរអង្គភាពកងរាជអាវុធហត្ថ ហើយឥឡូវនេះ លោកនាយចំណង់ រ័ត្ន វណ្ណៈ ក៏បានឃ្លាតឆ្ងាយពីក្រុមគ្រូសារ ឃ្លាតឆ្ងាយពីកូនប្រុស កូនស្រី ទាំងអស់ជារៀងរហូត ហើយមិនអាចត្រឡប់វិញបានឡើយ។
សូមបញ្ជាក់អោយដឹថា នេះគឺជាសពទី៤ហើយ ដែលមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ បាននាំយកថវិកា សប្បុរសធម៌ទាំងនោះ ទៅចូលរួមរំលែកទុក្ខគ្រួសារសព។
(អ.ប ម៉ាន់ ដាវីត)