You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថខែមិថុនា ទិសដៅ ខែកក្កដា ឆ្នាំ២០១៧។

ក្នុងពិធីនោះដែរ ក៏មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំលេខ១៦ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន១១៨នាក់ បានអញ្ជើញចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម មេបញ្ជាការបានដាក់ចេញនូវធានការណ៍ និងទិសដៅអនុវត្តន៍ដូចខាងក្រោម៖
-ធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋាន ក្រុង ស្រុក។
-ត្រៀមកម្លាំង មធ្យោបាយ សម្ភារ: គ្រឿងបំពាក់អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយជាយថាហេតុ។
-ចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន។
-ចាត់តាំងកម្លាំងជំនាញ ចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើស។
-អនុវត្តន៍ បង្ការ បង្រ្កាប បទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្រ្ទានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់។
– ត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្រ្កាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋានក្រុង ស្រុក រៀងៗខ្លួន។
-ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការឲ្យបានល្អប្រសើរផងដែរ។ ឯកឧត្ដម មេបញ្ជាការបានមានប្រសាសន៍បន្ថែមទៀតថា តាមបណ្ដាអង្គភាពនីមួយៗត្រូវពង្រឹងការងារនិងគ្រប់គ្រងចំនួនទ័ពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តន៍វិធានការផ្ទៃក្នុង០៩ចំណុច របស់កងរាជអាវុធហត្ថ ព្រមទាំងធ្វើផែនការបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថក្នុងអង្គភាពនីមួយៗ ជាពិសេសបន្តការចុះយកព័ត៌មាននិងថតយកសកម្មភាពស្នាដៃអាវុធហត្ថដែលធ្វើបានដើម្បីផ្សព្វផ្សាយតាមសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗផងដែរ។

ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍បន្តទៀតថា គ្រប់អង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវបន្តការអប់រំផ្សព្វផ្សាយ ស្ដីពីសិទ្ធិមនុស្ស និងក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងបន្តការផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់ជូន ព្រមទាំងបន្តការងារមនុស្សធម៌ និងចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថជួបការលំបាក។ ជាចុងបញ្ចប់ ឯកឧត្ដម មេបញ្ជាការ បានធ្វើការកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងការចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិ និងអនុវត្តន៍តួនាទី ភារកិច្ច របស់ខ្លួនបានដោយរលូនផ្អែកលើនីតិវិធី បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើផងដែរ។