បាត់ដំបងៈ នៅវេលាម៉ោង២១ និង២០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិវាលស្រែក្នុងភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកមោងឫស្សី បានឱ្យដឹងថាជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ឈិន ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង
២. វ៉ាត ម៉ោង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃព្រំ២ ឃំុរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ ដែលមានទម្ងន់ ៣,៣១ក្រាម
២. ម៉ូតូ ចំនួន០១គ្រឿង
៣. ទូរស័ព្ទដៃចំនួន០២គ្រឿង និងលោហ:ធាតុពណ៌លឿង ចំនួន០១ខ្សែ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)