បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ របស់ជនរងគ្រោះឈ្មោះ វែន ដាឡង់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីករណីបាត់ម៉ូតូកាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត។
ក្រោយពីទទួលបានពាក្យបណ្ដឹងហើយនោះ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល នៅចំណុចក្បែរកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដករហូតម៉ូតូដែលជនសង្ស័យបានលួចផងដែរ។
លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងថា ជនសង្ស័យឈ្មោះសុខ ជា ហៅ ស ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិ និងឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តកំពង់សោម បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន ភូមិ និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្រោយពីឃាត់ខ្លួននិងដកហូតវត្ថុតាងបានហើយនោះជនសង្ស័យនិងវត្ថុតាងត្រូវបានអាវុធហត្ថជំនាញក្រុងប៉ោយប៉ែត កសាងសំណុំឯកសារបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធីបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសព្រហ្មទណ្ឌ បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរ ជនសង្ស័យបានរៀបរាប់ថា នៅវេលាម៉ោងប្រហែល១៥ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ខ្លួនគេបានកំពុងតែលេងហ្គេមបាញ់ត្រីនៅក្នុងកាស៊ីណូឡាក់គី ពេលនោះឈ្មោះម៉ាប់ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ បានមកសួរគេថា តើមានកន្លែងទទួលបញ្ចាំម៉ូតូដែរអត់? ពេលនោះរូបគេបានប្រាប់ថាចាំខ្លួនជូនទៅរកកន្លែងបញ្ចាំ និយាយគ្នារួចជនសង្ស័យបានជិ:ម៉ូតូម៉ាកឃ្លីច ពណ៌ក្រហមលាយខ្មៅ ដែលលួចបាន មានគ្នា០៣នាក់ ដើរកកន្លែងបញ្ចាំ រួមមានឈ្មោះៈ ១/ឈ្មោះម៉ាប់ ២/មិនស្គាល់ឈ្មោះ(ទើបតែស្គាល់នៅពេលលេងហ្គេមជាមួយគ្នា) ៣/ខ្លួនគេផ្ទាល់។
ជនសង្ស័យបានរៀបរាប់បន្តទៀតថា ដំបូងពួកខ្លួនបានជិ:ម៉ូតូទៅរកកន្លែងបញ្ចាំនៅម្ដុំផ្ទះសំណាក់ភ្នំពេជ្រ តែពុំមានអ្នកទទួលបញ្ចាំ ហើយពួកខ្លួនក៍បានជិ:មកវិញដល់ចំណុចរង្វង់មូលក្បែរកាស៊ីណូឡាក់គីស្រាប់តែសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង ចំណែក០២នាក់ទៀតបានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានមានប្រសាសន៍ឲ្យដឹងទៀតថា តាមការស្ដាប់ចម្លើយ របស់ជនសង្ស័យរួចរាល់ហើយនោះ ឃើញថាមានភាពស៊ីសង្វាក់គ្នាបង្ហាញពីតម្រុយនៃបទល្មើស ដូច្នេះយើងអាចសន្និដ្ឋានបានថា ជនសង្ស័យឈ្មោះសុខ ជា ហៅ ស ពិតជាបានប្រព្រឹត្តអំពើលួចយ៉ាងពិតប្រាកដ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យ០២នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចអាវុធហត្ថកំពុងធ្វើការស្វែងរកចាប់ខ្លួនបន្តទៀត។
(អ.ប ឡាក់ ភី)