You are currently viewing ជនសង្ស័យពាក់ព័ន្ធជាមួយករណីលួច ដែលមានអាយុ១០ឆ្នាំ ត្រូវបាននាំទៅមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដើម្បីទទួលបានការអប់រំ និងរៀនសូត្រ

ជនសង្ស័យពាក់ព័ន្ធជាមួយករណីលួច ដែលមានអាយុ១០ឆ្នាំ ត្រូវបាននាំទៅមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដើម្បីទទួលបានការអប់រំ និងរៀនសូត្រ

ភ្នំពេញៈ នៅវេលាម៉ោង២៣ និង១៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាម្តាយ និងកូន ពាក់ព័ន្ធករណី លួចប្រាក់ចំនួន ៤០០$ និងទូរស័ព្ទ Iphone៥s ចំនួន០១គ្រឿង។

តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ សិត អាយុ១០ឆ្នាំ បានធ្វើសកម្មភាពលូកហោប៉ៅ លួចប្រាក់ និងទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ គៀ សុវណ្ណធារី ភេទស្រី អាយុ ២៩ឆ្នាំ នៅចំណុចផ្សារបឹងបៃតង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយយក ទៅប្រគល់ឲ្យម្តាយឈ្មោះ មោង ផៃ អាយុ ៤៥ឆ្នាំ តែត្រូវបាន សមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខឃាត់បានភ្លាមៗ បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្រោយពីធ្វើការស៊ើបអង្កេតរបស់សមត្ថកិច្ច និងចម្លើយសារភាពរបស់ជនសង្ស័យ កុមារា ម៉ៅ សិត អាយុ១០ឆ្នាំ បានបញ្ជាក់ថា រូបគេពិតជាបានសកម្មភាពលួចប្រាក់ និងទូរស័ព្ទ ប្រាកដមែន ហើយធ្លាប់លួចប្រហែល១០ដងមកហើយ ក្នុងម្តងៗបានប្រាក់ប្រហែលជាងមួយរយដុល្លារ ហើយរូបគេតែងតែប្រគល់ទៅឲ្យម្តាយបន្ទាប់ពីធ្វើសកម្មភាពលួចរួចមក។
ដោយចោរវ័យក្មេងជាអនិតិជន ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការទំនាក់ទំនងជាមួយលោក យូ សុភ័ក្រ ប្រធានមណ្ឌលកុមារកំព្រាភ្នំពេញថ្មី និងជាតំណាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ឲ្យទទួលយកកុមារា ម៉ៅ សិត ទៅរស់នៅក្នុងមណ្ឌល ដើម្បីទទួលបានការមើលថែ និងរៀនសូត្រ។

រីឯម្តាយកុមារា ម៉ៅ សិត នោះនៅមានកូនតូចៗបីនាក់ផ្សេងទៀតទុកចោល ឯខ្ទមលើបឹង ក្នុងខេត្តព្រៃវែង ដោយផ្ញើនឹងអ្នកជិតខាងជួយមើលថែ ឃើញដូច្នោះជនរងគ្រោះដែលបាត់ប្រាក់និងទូរស័ព្ទក៏សម្រេចចិត្ត មិនដាក់ពាក្យបណ្តឹង។
ដោយជួនក្នុងស្ថានភាពបែបនេះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួបណែនាំ ដល់គ្រួសារ កុមារា ម៉ៅ សិត ដែលមានបងប្អូន០៦នាក់ និងម្តាយពោះម៉ាយម្នាក់ ដែលឪពុកស្លាប់ចោលបាត់កាលពីឆ្នាំ២០១៣ ព្រោះគ្រោះថ្នាក់ចរាចរណ៍ខណៈដើរឆ្លងផ្លូវនៅពេលយប់ មិនដឹងថាត្រូវឡាន បុកស្លាប់លើផ្លូវម្នាក់ឯង។

ក្រោយពេលទទួលបានការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ម្តាយរបស់កុមារា ម៉ៅ សិត បានប្តេជ្ញាត្រឡប់ទៅរស់នៅ លើខ្ទមក្នុងខេត្តព្រៃវែងវិញ ដោយចាប់យកមុខរបរ ដើរបេះឈូក ដកព្រលឹតតាមបឹង កាត់ត្រកួនបេះស្លឹកបាស់និងបន្លែផ្សេងៗលក់ ដើម្បីចិញ្ចឹមជីវិត ឈប់លួច ឈប់សុំទាន ហើយប្រគល់កូនតូចបីនាក់អាយុ១០ឆ្នាំ(ម៉ៅ សិត), អាយុ០៩ឆ្នាំ(ប្អូនស្រីម៉ៅ សិត), អាយុ០៨ឆ្នាំ(ប្អូនស្រីម៉ៅ សិត) ឲ្យមណ្ឌលកុមាកំព្រាភ្នំពេញថ្មី ដើម្បីទទួលបានការមើលថែ និងចូលរៀន ទុកតែកូនប្រុសពៅមួយអាយុ០៧ឆ្នាំ នៅជាមួយព្រោះមិនទាន់អាចរស់នៅឆ្ងាយបែកពីម្តាយបាន រីឯកូនប្រុសច្បងបច្ចុប្បន្ន ចេះរស់ដោយខ្លួនឯង ដោយបានទៅធ្វើការលាងឡានឲ្យគេ មួយខែទទួលបាន៧០ដុល្លារ និងកូនស្រីទីពីរនៅស៊ីឈ្នួលគេដាំបាយបោកខោអាវលាងចាន បានមួយខែ៥០ដុល្លារផងដែរ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានទទួលយកការប្តេជ្ញា របស់ម្តាយកុមារា ម៉ៅ សិត ដោយអនុញ្ញាតិឲ្យធ្វើកិច្ចសន្យា ត្រឡប់ទៅស្រុកវិញ ហើយឯកឧត្តម ព្រមទាំងបានជួយឧបត្ថម្ភ អង្ករ៣ការ៉ុង ទឹកសុទ្ធ២កេស ទឹកក្រូច២យួរ ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងថវិកា៥០ម៉ឺនរៀលផងដែរ ដើម្បីឲ្យម្តាយរបស់កុមារា ម៉ៅ សិត ដោះស្រាយជីវភាពបណ្តោះអាសន្ន ពេលត្រឡប់ទៅផ្ទះវិញ។