បន្ទាយមានជ័យៈ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង០០នាទី នៅចំណុចខាងលិចផ្សារមហាសាល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ឈ្មោះជុំ សុខឡៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ និងទូរស័ព្ទដៃ ម៉ាកអាយហ្វូនចំនួន០១គ្រឿង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យបានហើយនោះ ជនសង្ស័យ ត្រូវបានបញ្ចូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តធ្វើការសាកសួរ។ បន្ទាប់មក នៅវេលាម៉ោង១៧ និង៥០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារ បទល្មើសគ្រឿងញៀន បាននាំខ្លួនជនសង្ស័យទៅឆែកឆេរលំនៅដ្ឋាន ដែលមានការសម្របសម្រួលដោយ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយបានរកឃើញវត្ថុតាងគ្រឿងញៀនម៉ាទឹកកកចំនួន០១ថង់ធំបន្ថែមទៀត។
លោកវរសេនីយឯក ស ប៊ុនសឿង បានមានប្រសាសន៍ថា ក្រោយពីធ្វើការឆែកឆេរលំនៅដ្ឋានរួចហើយ ជនសង្ស័យនិងវត្ថុតាង ត្រូវបានយកមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីសួរចម្លើយបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះដើម្បីយកមកលក់បន្តពិតប្រាកដមែន។
ចំពោះគ្រឿងញៀន០១ថង់ធំនេះខ្លួនបានទិញមកក្នុងតម្លៃ៥០០ដុល្លា ហើយយកមកលក់បន្តបានពី៧០០ទៅ៨០០ដល្លាផងដែរ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ឲ្យដឹងទៀតថា គ្រឿងញៀនដែលដកហូតបានទាំងអស់មានទម្ងន់២,៦៨ក្រាម។
ជនសង្ស័យ និងមានវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)