បន្ទាយមានជ័យៈ នៅវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីន ទឹកកក១៤កញ្ចប់ មានទម្ងន់៣,៧១ក្រាម, ទូរស័ព្ទដៃចំនួន០៦គ្រឿង, ម៉ូតូ០១គ្រឿង ម៉ាកMSX សេរី២០១៥ ពណ៌ក្រហម លាយខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១N-៨៣៤៧, ដាវសាំម៉ូរ៉ៃ០១ដើម, បំពង់ជក់០១, និងសម្ភារ:សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។
មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះល្បាតការពារ រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ ស្រាប់តែប្រទះឃើញយុវជនចំនួន០១ក្រុម មានគ្នាចំនួន០៣នាក់ កំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ពេលនោះកម្លាំងអាវុធហត្ថក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះបានភ្លាម២ ព្រមទាំងចាប់យកវត្ថុតាង មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន០៤កញ្ចប់ ដែលមានទម្ងន់០,៧៥ក្រាម, ទូរស័ព្ទដៃចំនួន០៤គ្រឿង និងម៉ូតូម៉ាកMSX០១គ្រឿង។
មន្ត្រីដដែល បានបន្តឲ្យដឹទៀតថា ជនសង្ស័យទាំង០៣នាក់ ដែលត្រូវឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. រៀម រ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
២. ចិ ថាវុធ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
៣. មូល សុភឿត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មន្ត្រីដដែល បានឲ្យដឹងទៀតថា ក្រោយពីធ្វើការឃាត់ហើយនោះ ជនសង្ស័យទាំង០៣នាក់ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរបន្ត។
តាមការឲ្យដឹងពីមន្ត្រី កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ក្រោយពីធ្វើការសាកសួររួចហើយនោះ ដោយមានការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះរៀម រ៉ាត់ ទើបកម្លាំងជំនាញអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានស្រុក បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះលឹម ចំរុង ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជប់វារី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងបានឆែកឆេរលំនៅដ្ឋានរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន១០កញ្ចប់ ដែលមានទម្ងន់២,៩៦ក្រាម, និងដកហូតទូរស័ព្ទដៃចំនួន០២គ្រឿង, ដាវសាំម៉ូរ៉ៃ០១ផងដែរ។
មន្ត្រីដដែល បានឲ្យដឹងទៀតថា ផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងខាងលើ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ឈ្មោះរៀម រ៉ាត់ និងឈ្មោះលឹម ចំរុង ហៅញ៉ា ពិតជាបានប្រព្រឹត្ត អំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន ចំណែកឈ្មោះចិ ថាវុធ និងឈ្មោះមូល សុភឿត ពិតជាបានប្រព្រឹត្ត អំពើប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។