You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់កម្លាំងកងទ័ពជើងទឹក

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់កម្លាំងកងទ័ពជើងទឹក

ភ្នំពេញៈនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំបញ្ជាការដ្ឋានកងទ័ពជើងទឹក ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់នាយនាវិក នាយនាវិករង និងពលនាវិក នៃកងទ័ពជើងទឹកប្រមាណ២៩០នាក់។

ពិធីផ្សព្វផ្សាយអប់រំចិត្តសាស្ត្រនេះ ធ្វើឡើងដើម្បីឲ្យយល់ជ្រូតជ្រាបកាន់តែច្បាស់លាស់នូវតួនាទី ភារកិច្ចរបស់ កងយោធពលខេមរភូមិន្ទ និងពីការវិវត្តន៍ នៃសភាពការណ៍នយោបាយថ្មីៗរបស់់ជាតិ អន្តរជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី មានប្រសាសន៍ថា ការអប់រំចិត្តសាស្រ្តនេះ មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍ ក្តាប់ជាប់នូវការវិវត្តន៍ នៃសភាពការណ៍នយោបាយ សន្តិសុខជាតិ អន្តរជាតិថ្មីៗ ព្រមទាំងឲ្យយល់ជ្រូតជ្រាបច្បាស់ពីស្ថានភាពភូមិសាស្ត្រ ប្រវត្តិសាស្រ្តរបស់ប្រទេសជាតិតាមតំណាក់កាល សម័យកាលនៃរបបដឹកនាំនីមួយៗដែលទាក់ទងនិងកងយោធពលខេមរភូមិន្ទ ពីតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ក្នុងបម្រើជាតិ មាតុភូមិ បម្រើប្រជាពលរដ្ឋ ប្រកបដោយមនសិការ ស្នេហាជាតិ។

ក្នុងនោះ ក៏បានបំពេញនូវសមត្ថភាពចំណេះដឹង ដែលកងជើងទឹកនៅមានភាពខ្វះចន្លោះ ជៀសវាងនូវកំហុសដដែលៗ ហើយការអប់រំចិត្តសាស្ត្រនេះ ក៏បានជំរុញឲ្យមានឆន្ទះ មោះមុត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ចំពោះរាជរដ្ឋាភិបាល។ ហេតុដូច្នេះបានជាត្រូវធ្វើការអប់រំចិត្តសាស្ត្រ ជាប់ជាប្រចាំ ដើម្បីពង្រឹងសតិអារម្មណ៍ ឲ្យរក្សាបាននូវជំហររឹងមាំ ទាល់តែឧស្សាហ៍ដុសខាត់ រំលឹកឡើងវិញ ទើបមិនមានកំហុសដដែលៗ កើតឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាកម្លាំងអព្យាក្រិត្យ ដែលច្បាប់បានកំណត់ស្ថិតនៅក្រោមបញ្ជារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល មានបុគ្គលអគតិមួយចំនួន អង្គការសង្គមស៊ីវិលខ្លះ តែងតែចោទមកលើកងកម្លាំងប្រដាប់អាវុធ មិនយុត្តិធម៌ មិនអព្យាក្រិត្យ លំអៀងទៅរកបក្សកាន់អំណាច តែកម្លាំងមានសមត្ថកិច្ច បង្រ្កាបតែបាតុកម្មអាណាធិបតេយ្យ បង្កភាពចលាចល គ្មានសណ្តាប់ធ្នាប់ក្នុងសង្គមប៉ុណ្ណោះ ប្រសិនបើបាតុកម្មនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ នោះកម្លាំងសមត្ថកិច្ច មានតែការពារសុវត្ថិភាពជូនថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏បានណែនាំ ដល់នាយនាវិក នាយនាវិករង និងពលនាវិកទាំងអស់ លើការប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ឲ្យត្រឹមត្រូវមានផលប្រយោជន៍សម្រាប់ខ្លួនយើង និងសង្គមជាតិ គោរពបាននូវក្រមសីលធម៌ វិជ្ជាជីវៈ និងស្របតាមច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ៕