កំពតៈ នៅវេលាម៉ោង១៧ និង៤៥នាទីល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្កកំពត បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិសុវណ្ណសាគ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងថាជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ហេង សុពៅ ភេទស្រី អាយុ២៧ឆ្នំា មុខរបរមេផ្ទះ ទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ ដែលមានទម្ងន់ ០.៦៣ក្រាម
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)