ភ្នំពេញៈ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឆ្លើយតបនឹងលោក ផ្លុង រ៉េត ចាងហ្វាងការផ្សាយ និងជានិពន្ធនាយកសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ដែលបានចុះផ្សាយនៅលើសារព័ត៌មានកម្ពុជាសុវណ្ណភូមិ (K.S.NEWS) ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង៨និង២១នាទីក្រោមចំណងជើងថា “នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម្នាក់?”
ខ្ញុំបាទសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំបង្ក្រាបបទល្មើសព្រៃឈើចាប់បានឈើល្មើសច្បាប់ចំនួនជាង៧ម៉ឺនម៉ែត្រត្រីគុណ ហើយត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យមានការដេញថ្លៃយកថវិកានោះបម្រើក្នុងវិស័យអប់រំ មកដល់ពេលនេះ ការដេញថ្លៃទទួលបានជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបម្រើជាតិតាំងពីគាត់ នៅវ័យក្មេងមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ចំណែកឪពុកម្តាយ បងប្អូនរបស់គាត់ ត្រូវបានសម្លាប់អស់នៅក្នុងរបបប៉ុតពត។ ឯកឧត្តម នាយឧត្តមសេនីយ៍ តែងតែមានប្រសាសន៍ថា យើងហូបបាយតែមួយចានក្នុងមួយពេល ដូច្នេះយើងមិនត្រូវការអ្វីលើសពីនេះទៀតទេ យើងត្រូវសាងតែអំពីល្អ គោរពច្បាប់ មានសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។
ដូចបានជម្រាបជូនខាងលើ ខ្ញុំបាទ ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានខាងលើ។ ខ្ញុំបាទសូមជម្រាបជូនលោក ផ្លុង រ៉េត ចាងហ្វាងការផ្សាយនិងជានិពន្ធនាយកសារព័ត៌មានកម្ពុជាសុវណ្ណភូមិថា បើលោកមានភស្តុតាងបញ្ជាក់ថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាអ្នកនៅពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម្នាក់ សូមលោកបង្ហាញភស្តុតាងនៅចំពោះមុខតុលាការ ឯកឧត្តម នាយឧត្តមសេនីយ៍ ត្រៀមខ្លួនចំពោះមុខច្បាប់។
សូមជម្រាបជូនសាធារណជនថា នាយឧត្តមសេនីយ៍ សៅ សុខា ពុំបាននិងមិនធ្លាប់ពាក់ព័ន្ធនឹងមុខរបររកស៊ី ឬធ្វើខ្នងបង្អែកឱ្យជនល្មើសណាម្នាក់ទោះបីដោយផ្ទាល់ ឬប្រយោលនោះឡើយ។ ជាមួយគ្នាដែរ នាយឧត្តមសេនីយ៍ សៅ សុខា សូមអំពាវនាវសាធារណជនជួយផ្តល់ព័ត៌មានទាក់ទងនឹងបទល្មើសអ្វីក៏ដោយដែលពាក់ព័ន្ធនឹងខ្លួនគាត់ផ្ទាល់ ដើម្បីគាត់បានរៀនសូត្រកែតម្រូវ ដើម្បីសក្តិសមជាអ្នកបម្រើរាស្ត្រពិតប្រាកដ។ សូមអរគុណការសហការផ្តល់ព័ត៌មានពិត។
ខ្ញុំបាទសូមជម្រាបជូនអ្នកសារព័ត៌មាននិងសាធារណជនទាំងអស់ឱ្យបានជ្រាបថា រាល់ការបញ្ចេញមតិនិងផ្សព្វផ្សាយព័ត៌មាន គឺជាសិទ្ធិសេរីភាពប៉ុន្តែសិទ្ធិសេរីភាពនេះស្ថិតនៅក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។