កំពង់ចាមៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការឃាត់ខ្លួន សង្ស័យមានជាប់ ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើនេះ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី១ គឺធ្វើឡើងនៅវេលាម៉ោង២០ និង០០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ ហៃ សី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងច្រុះ ឃុំអំពឹល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ ដែលមានទម្ងន់ ០.៣៩ក្រាម
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋាន ដើម្បីបន្តធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនៅមានបក្ខពួកចំនួន០២នាក់ទៀត ដែលតែងតែ ធ្វើការចែកចាយគ្រឿងញៀនបន្ត ជាមួយគ្នា ដែលរស់នៅភូមិអំពិល ឃុំអំពិលស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បន្ទាប់ពីទទួលបានចម្លើយសារភាព នៅវេលាម៉ោង២១ និង០០នាទីយប់ ថ្ងៃឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នោះភ្លាមៗ និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់ ដែលមានទម្ងន់ ១.៦៩ក្រាម
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៣. ប្រាក់ខ្មែរចំនួន៥មឺុនរៀល និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងវិចខ្ចប់មួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)