ប៉ៃលិនៈ នៅវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសាលាក្រៅ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិផ្សារព្រំខាងត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានឱ្យដឹងថាជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ចើត ចិនប៉ាវ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ រស់នៅភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
២. ម៉ៅ ច្រូច ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៧កញ្ចប់
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៣. អត្តសញ្ញាណប័ណថៃ មួយសន្លឹក
៤. កាបូបលុយមួយ
៥. លុយថៃ ចំនួន ៣៦០០ បាត និង លុយខ្មែរ ចំនួន៥៩,៥០០រៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)