កំពង់ចាមៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីលួច (ម៉ូតូ)។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង២១ និង០០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ អឿន មករា ហៅ ម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង២២ និង០០នាទីយប់ ជនសង្ស័យខាងលើនេះ បានមកលេងផ្ទះ របស់ឈ្មោះ អូន សុផាណា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលត្រូវជាមិត្តភ័ក្ត្រខ្លួន ហើយក៏បានឃើញម៉ូតូរបស់មិត្តភ័ក្ត្រនោះ ចតទុកក្រោមផ្ទះ លុះពេលឃើញ ជនរងគ្រោះកំពុងសម្រាកលង់លក់នោះ ជនសង្ស័យនោះ ក៏ឆ្លៀតឱកាស យកម៉ូតូ របស់មិត្តភ័ក្ត្រនោះជិះចេញទៅតែម្តង។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)