ស្វាយរៀងៈ នៅវេលាម៉ោង១៤ និង១០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ មានគ្រោះអគ្គិភ័យដ៏អាក្រក់មួយ ដែលបានឆាបឆេះ ពិដាន និង សម្ភារ:ជាច្រើននៅខាងក្នុងអគារ កាសុីណូឡឺម៉ាកាវ ស្ថិតនៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅក្រុងបាវិត។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា មូលហេតុដែលធ្វើអោយឆាបឆេះនេះ បណ្តាលមកពីជាងផ្សាដែកខ្វះការ ប្រុងប្រយ័ត្នក្នុងពេលកំពុងផ្សា ទើបបណ្តាអោយឆាបឆេះ។
ក្នុងករណីគ្រោះអគ្គីភ័យនេះផងដែរ ប្រជាពលរដ្ឋសង្កេតឃើញថា កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានសហការចេញធ្វើប្រតិបត្តិការសង្គ្រោះ យ៉ាងអស់ពីកម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីធ្វើអោយភ្លើង រលត់ជៀសវាង ការខូចខាតទ្រព្យសម្បត្តិជាបន្តបន្ទាប់។
(អ.ប ម៉ាន់ ដាវីត)