សៀមរាបៈ នៅវេលាម៉ោង ១៦ និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនដៃដល់ ដែលបាន ចាក់សម្លាប់ ជនរងគ្រោះ នៅក្នុងបន្ទប់ទឹក ផ្ទះបើក Internet កណ្តាលក្រុងតាខ្មៅ កាលពីម្សិលមិញនេះ។
តាមការឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឱ្យ ដឹងថា ជនដៃដល់ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនមុននេះបន្តិច គឺនៅក្នុងភូមិសាស្ត្រក្នុងខេត្តសៀមរាប ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ប្រហែលកំពុងធ្វើដំណើរទៅផ្ទះឪពុករបស់ខ្លួន»។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើង តាមដីការបញ្ជាអោយចូលខ្លួន របស់អយការ អមសាលាដំបូងខេត្តកណ្តាល។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី មូលហេតុដែលសួរនាំជំហ៊ានដំបូង គឺជនសង្ស័យជំពាក់លុយគេ ដោយសារតែលេងហ្គេមចាញ់ ដូច្នេះក៏មានគំនិតចាក់សម្លាប់ប៉ងប្លន់ទ្រព្យសម្បត្តិ ប៉ុន្តែយ៉ាងណានោះ គឺនៅបន្តការសួរនាំឲ្យលម្អិតនៅឡើយទេ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ទៀតថា «ប្រតិបត្តិការតាមចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមបញ្ជាក់ទៀតថា នៅវេលាម៉ោង ១៦ និង៥១នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ មានករណីឃាតកម្ម ចំនួន០១លើក កើតឡើងនៅចំណុចក្នុងបន្ទប់ទឹកកន្លែងលេងអ៉ីនធើណេត ស្ថិតក្នុងក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយជនរងគ្រោះមានឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកហាង Internet (មានហ្គេមតាមអនឡាញ) និងស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ រ័ត្ន វាសនា និងម្តាយឈ្មោះ ឆាយ មុំ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងសាកសួរពត៌មានបន្ថែម ជុំវិញករណីឃាតកម្មខាងលើនេះ។
(អ.ប ម៉ាន់ ដាវីត)