You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការរៀបចំបំផុសចលនា ផ្នែកនិពន្ធអក្សរសិល្ប៍ សិល្បះ ក្រោមប្រធានបទ”ចំណងយុទ្ធសាមគ្គីភាពប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ”

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការរៀបចំបំផុសចលនា ផ្នែកនិពន្ធអក្សរសិល្ប៍ សិល្បះ ក្រោមប្រធានបទ”ចំណងយុទ្ធសាមគ្គីភាពប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ”

បន្ទាយមានជ័យៈ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោ០៨ និង០០នាទីព្រឹក នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការរៀបចំបំផុសចលនា ផ្នែកនិពន្ធអក្សរសិល្ប៍ សិល្បះ (បទនិពន្ធរឿងខ្លី ចម្រៀង គំនូរ រូបថត និងភាពយន្តឯកសារ) ក្រោមប្រធានបទ”ចំណងយុទ្ធសាមគ្គីភាពប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ”។

ពិធីនេះប្រារព្វឡើងនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីសំណាក់ លោកមេញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន១១៥នាក់។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរ ឯកឧត្ដម មេបញ្ជាការ បានមានប្រសាសន៍ថា យោងតាមពិធីសារកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃប្រទេសទាងពីរ កម្ពុជា-វៀតណាម ប្រចាំឆ្នាំ២០១៧ និងយោងតាមសេចក្ដីសម្រេចលេខ៥១៤/QD.BCD ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ របស់អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម ស្ដីពីការដាក់ចេញបែបបទបំផុសចលនាផ្នែកនិពន្ធអក្សរសិល្ប៍ សិល្បះ ចម្រៀង ក្រោមប្រធានបទ “ចំណងយុទ្ធសាមគ្គីភាពប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា” និងយោងតាមលិខិតលេខ ៨២០/២០១៧ សជណ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ របស់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម(២៤.៦.១៩៦៧-២៤.៦.២០១៧) ទើបអាវុធហត្ថខេត្តបន្ទាយមានជ័យរៀបចំពិធីផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ឲ្យយល់ដឹងពីការនិពន្ធអក្សរសិល្ប៍ សិល្បះ (បទនិពន្ធរឿងខ្លី ចម្រៀង គំនូរ រូបថត និងភាពយន្តឯកសារ)។

ឯកឧត្ដម មេបញ្ជាការ បានមានប្រសាសន៍បន្ថែមទៀតថា កិច្ចផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូត(២៤.៦.១៩៦៧-២៤.៦.២០១៧) និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម និងរំលឹកឡើងវិញនូវប្រពៃណីដ៍រុងរឿង និងពង្រឹង ពង្រីក ចំណងយុទ្ធសាមគ្គីភាព ស្មោះត្រង់ បរិសុទ្ធ របស់កងទ័ពប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ និងដើម្បីបន្តអភិវឌ្ឍរាល់ទំនាក់ទំនងនេះក្នុងដំណាក់កាលថ្មីផងដែរ។

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្ដម មេបញ្ជាការ ក៏បានសំណូមពរឲ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ ចាត់តាំងបំផុស និងចូលរួមចលនានិពន្ធអក្សរសិល្ប៍ សិល្បះ ឲ្យបានទូលំទូលាយទៅតាមបែបបទ និងលក្ខខណ្ឌដែលបានកំណត់ក្នុងផែនការណែនាំនេះផងដែរ។