ភ្នំពេញៈ នៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន២៨លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនាមមនុស្សធម៌ សាមគ្គីភាព និងក្តីសណ្តោសប្រណី នៃមហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនគ្រួសារសព លោកវរសេនីយ៍ត្រី អ៊ុំ ប៊ុនធឿន នាយផ្នែកត្រួតពិនិត្យ ការិយាល័យ អធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤២ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះដែរថវិកា ចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី តំណាងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក៏បានសម្តែង នូវការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ លោកវរសេនីយ៍ត្រី អ៊ុំ ប៊ុនធឿន ពីជួរអង្គភាពកងរាជអាវុធហត្ថ ហើយឥឡូវនេះ លោកវរសេនីយ៍ត្រី អ៊ុំ ប៊ុនធឿន ក៏បានឃ្លាតឆ្ងាយពីក្រុមគ្រូសារ ឃ្លាតឆ្ងាយពីកូនប្រុស កូនស្រី ទាំងអស់ជារៀងរហូត ហើយមិនអាចត្រឡប់វិញបានឡើយ។
សូមបានបញ្ជាក់ថា នេះគឺជាសពទី៦ហើយ ដែលមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ បាននាំយកថវិកា សប្បុរសធម៌ទាំងនោះ ទៅចូលរួមរំលែកទុក្ខគ្រួសារសព៕