កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២១០៧ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការហ្វឹកហ្វឺនកម្លាំងកងរាជអាវុធហត្ថត្រៀមអបអរសាទរខួបលើកទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ ១៤ កក្កដា ២០១៧។
ការហ្វឹកហ្វឺន ដល់កម្លាំងកងរាជអាវុធហត្ថ ត្រូវបានបែងចែកជា៦កន្លែង រួមមានៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទាយទួលពង្រ នៅសាលាកងរាជអាវុធហត្ថកំបូល នៅបន្ទាយកងអន្តរាគមន៍ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ដែលគ្រប់គ្រង និងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង សីុភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារអប់រំ បណ្តុះបណ្តាល និងហ្វឹកហ្វឺន។
ក្នុងពិធីអបអរសាទរខួបលើកទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ ត្រូវបានប្រារព្វនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបផងដែរ។
ក្នុងពិធីនេះមានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានារូមមាន អគារពហុសិក្សា អគារស្នាក់នៅរបស់សិក្ខាកាម បន្ទាប់អនាម័យ រោងអាហារ ក ន្លែងដាំស្ល ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត អាងស្តុកទឹក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំណង់ឆ្លងកាត់ឧបសគ្គ របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ និងគំរោងសាងសង់បន្ថែមមាន ទីចាត់ អគារស្នាក់នៅយោធាចារ្យ អគារស្នាក់នៅបុគ្គលិកសាលា តារាងបាល់ ជាដើម។ល។
ក្នុងការចុះត្រួតពិនិត្យការហ្វឺកហ្វឺនត្រៀមអបអរសាទរខួបលើកទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានជំរុញឲ្យកម្លាំងកងរាជអាវុធហត្ថទាំងអស់ត្រូវខិតខំប្រឹងប្រែង យកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់គណៈគ្រប់គ្រង រក្សាបាននូវវិន័យ គោរពបទបញ្ជា គោរពការចាត់តាំង។