You are currently viewing តំណាង នាយឧត្តមសេនីយ៍ សៅ សុខា នាំយកថវិកាប្រមាណ ៣៦លានរៀល ទៅជូនគ្រួសារអាវុធហត្ថ ដែលបានទទួលមរណៈភាព

តំណាង នាយឧត្តមសេនីយ៍ សៅ សុខា នាំយកថវិកាប្រមាណ ៣៦លានរៀល ទៅជូនគ្រួសារអាវុធហត្ថ ដែលបានទទួលមរណៈភាព

ភ្នំពេញៈ នៅព្រឹកទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន៣៦លានរៀល ទៅជូនគ្រួសារសព លោកវរសេនីយ៍ឯក ឈន សុផៃ នាយរងការិយាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥១ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅភូមិកំពង់ទួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនាមមនុស្សធម៌ សាមគ្គីភាព និងក្តីសណ្តោសប្រណី នៃមហាគ្រួសារ កងរាជអាវុធហត្ថ ក្នុងនោះដែរថវិកា ចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះ គឺធ្វើទៅបាន ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែគិតគូរអំពីស្មារតី មនុស្សធម៌ សាមគ្គីភាព និងសុខទុក្ខ របស់ បងប្អូន កម្លាំងកងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក។