ឧត្តរមានជ័យ : នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងែទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ឋ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ និងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត សរុបចំនួន ៦៦នាក់ ។
លោកវរសេនីយ៍ឯក ពេជ្រ ប្រាជ្ញ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអានរបាយការណ៍ ឆមាសទី១ ឆ្នាំ២០១៧ និងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំជ្រាបថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៧ កន្លងទៅនេះ សភាពការណ៍ពិភពលោកមានការប្រែប្រួលបត់បែន និងពោរពេញទៅដោយភាពចម្រូងចម្រាសស្មុគស្មាញជាច្រើន ដូចជាបញ្ហាសង្គ្រាមប្រឆាំងភេរវកម្ម បញ្ហាជម្លោះអធិបតេយ្យបញ្ហាវិបត្តិអាវុធនុយក្លេអ៊ែរ ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយដោយធម្មជាតិ ផ្សេងៗ បាននិងកំពុងគំរាមកំហែងទូទាំងសកលលោក។
ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានមានប្រសាសន៍ផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំធ្វើការងារ និងត្រូវអនុវត្តន៍អោយបាននូវផែនការថ្នាក់លើប្រគល់ជូន ជាពិសេសត្រូវយកចិត្តទុកដាក់ លើការងារបង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ។