ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ និងចាប់យកបានថ្នាំញៀនបានប្រភេទ ម៉ាទឹកកក ចំនួន១.៣គីឡូក្រាម។
តាមការឪ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឧ្យដឹងថា នៅវេលាម៉ោង១១ និង០០នាទីរសៀល ថ្ងៃនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក សហការជាមួយ កម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន បានចុះ ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចលើផ្លូវរថភ្លើង និងបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិ១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាបានចំនួន១៩កញ្ចប់ និងថ្នាំញៀនប្រភេទគ្រាប់WY ចំនួន១៧គ្រាប់ និង១០ចំហៀង ។
ជនសង្ស័យទាំង០២នាក់ ដែលឃាត់ខ្លួននោះមានឈ្មោះ នៅ មុំ ភេទស្រី អាយុ៤៩ឆ្នាំ និងឈ្មោះ ប៊ិន ប៉ោង ភេទប្រុស អាយុ៥៦ឆ្នាំ ។
ដោយឡែកនៅវេលាម៉ោង១១៖៤០នាទីថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ សហការ ជាមួយការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាប ក្រុមជួញដូរគ្រឿងញៀនមួយក្រុមផ្សេងទៀត នៅបន្ទប់ជួល ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ឈ្មោះ លាង ហេងតាយ ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ លី លីន ភេទស្រី អាយុ២០ឆ្នាំ ព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា បានចំនួន១៨កញ្ចប់ ទម្ងន់១.៣១គីឡូក្រាម ។
បន្ទាប់មកជនសង្ស័យទាំង២នាក់នេះ បានចង្អុលបង្ហាញសមាសភាព ក្រុមជួញដូរគ្រឿងញៀនមួយក្រុមទៀត នៅផ្ទះជួលគ្មានលេខ ក្រុម៣៧ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ និង កម្លាំងការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះ បង្រ្កាបនៅវេលាម៉ោង០១៖៥០នាទី ឃាត់ខ្លួនបានជនសង្ស័យ២នាក់ទៀត ឈ្មោះ ង្វៀង យ៉ាំងតេវ ភេទប្រុស អាយុ៤៩ឆ្នាំ និងឈ្មោះ ផាម ធីហៀង ភេទស្រី អាយុ៣៥ឆ្នាំ ដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា បានចំនួន០៨កញ្ច , ថ្នាំញៀនប្រភេទម្ស៉ៅស ចំនួន០២កញ្ចប់ និង ថ្នាំញៀនប្រភេទគ្រាប់ពណ៌ឈាមជ្រូក ពណ៌ប្រផេះ ពណ៌ខៀវ ចំនួន៣៦គ្រាប់ ។
តាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងតេវ បានបញ្ជាក់ថា កន្លងមករូបគេធ្លាប់ជាប់គុកព្រៃស ម្តងរួចមកហើយក្នុងឆ្នាំ២០០៩ ពីបទចែកចាយគ្រឿងញៀន ហើយចេញមកវិញក្នុងឆ្នាំ២០១០ ។ ចំណែក ថ្នាំញៀន ដែលសមត្ថកិច្ចអាវុធហត្ថឆែកឃើញក្នុងផ្ទះខ្លួននៅពេលនេះ គឺខ្លួនទទួលបានតាមរយៈឈ្មោះ តើយ ដែល កំពុងអនុវត្តទោស(ជាប់គុក) ក្នុងពន្ធនាគារព្រៃស ជាអ្នកទូរស័ព្ទប្រាប់ឲ្យខ្លួន ទទួលពីបុរសម្នាក់ ដើម្បីចាត់ចែងបន្ត រីឯបុរសនោះខ្លួនមិនស្គាល់អត្តសញ្ញាណទេ ដោយខ្លួនចាំតែទទួលបញ្ជាតាមទូរស័ព្ទពីឈ្មោះតើយ ដែលកំពុងនៅក្នុងគុកតែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕