បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ប្រតិភូទីប្រឹក្សា កងរាជអាវុធហត្ថបារាំង រួមជាមួយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលជួបសំណេះសំណាល និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារមួយចំនួន របស់កងរាជអាវុធហត្ថ។
ពិធីនេះមានការចូលរួមពីសំណាក់ លោកមេបញ្ជាការ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ និងប្រធានមន្ទីរផងដែរ។
ក្នុងកិច្ចសំណេះសំណាលនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធ បានមានប្រសាសន៍ថា ក្នុងនាមលោកត្រូវបាន ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យលោកដឹកនាំប្រតិភូទីប្រឹក្សាកងរាជអាវុធបារាំងចុះជួបសំណេះសំណាល ជាមួយកងរាជអាវុធហត្ថ តាមបណ្ដារាជធានី-ខេត្ត ។
លោកវរសេនីយទោ មីកាអែល ហ្គីយៀម ប្រធានគម្រោងសហប្រតិបត្តិការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា ក្នុងនាមលោកជាអាវុធហត្ថបារាំង និងជាប្រធានគម្រោងសហប្រតិបត្តិការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបេសកកម្មមកប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ក្នុងគោលបំណងត្រួតពិនិត្យ និងផ្លាស់ប្ដូរបទពិសោធន៍ ការអនុវត្តន៍តួនាទី ភារកិច្ច និងការរីកចំរើនតាមបណ្ដាអង្គភាពចំណុះឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើសេចក្ដីរាយការណ៍អំពីចំនួនទ័ព និងរចនាសម្ព័ន របស់កងរាជអាវុធហត្ថ និងតួនាទី ភារកិច្ច ការិយាល័យជំនាញនីមួយៗផងដែរ ព្រមទាំងបានសង្កត់ធ្ងន់លើការអនុវត្តការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងធនធានរ៉ែឌធម្មជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្រៅពីការងារខាងលើ អង្គភាពក៏បានបង្កើតមជ្ឈមណ្ឌលអប់រំយុវជនផ្តាច់សារជាតិញៀន ព្រមទាំងបានចូលរួមចំណែកក្នុងការងារចុះជួយសង្គមផ្សេងៗ។
ក្រោយពីកិច្ចសំណេះសំណាលត្រូវបានបញ្ចប់ គណ:ប្រតិភូបានអញ្ជើញចុះត្រួតពិនិត្យអគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកដែលកំពុងសាងសង់ និងបន្តត្រួតពិនិត្យអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតផងដែរ។