បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូទីប្រឹក្សាកងរាជអាវុធហត្ថបារាំង ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលជួបសំណេះសំណាល ជាមួយអជ្ញាធរ ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីជំនួបពិភាក្សានោះដែរ លោកវរសេនីយទោ មីកាអែល ហ្គីយៀម ប្រធានគម្រោងសហប្រតិបត្តិការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគូសបញ្ជាក់ថា ក្នុងនាមលោកជាអាវុធហត្ថបារាំង និងជាប្រធានគម្រោងសហប្រតិបត្តិការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបេសកកម្មមកប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ពិសេសមកកាន់ខេត្តបន្ទាយមានជ័យនេះ ក្នុងគោលបំណងត្រួតពិនិត្យ និងផ្លាស់ប្ដូរបទពិសោធន៍ ការអនុវត្តន៍តួនាទី ភារកិច្ច និងការរីកចំរើនតាមបណ្ដាអង្គភាពចំណុះឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដើម្បីប្រមូលព័ត៌មានសំខាន់ៗបន្ថែមទៀតដើម្បីកសាងឯកសារហ្វឹកហ្វឺនជំនាញដល់កងរាជអាវុធហត្ថបន្ថែមទៀត។
លោក អ៊ុំ រាត្រី បានបញ្ជាក់ជូនប្រតិភូថា ភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ និងស្ថានភាពបច្ចុប្បន្នរបស់ខេត្ត ខេត្តបន្ទាយមានជ័យ ជាខេត្តបញ្ចប់សង្គ្រាមក្រោយគេ មានសុខសន្តិភាព ស្ថេរភាពនយោបាយល្អក្រោមគោលនយោបាយឈ្នះ~ឈ្នះរបស់សម្តេចតេជោ ខេត្តពិតជាបោះជំហ៊ានយ៉ាងឆាប់រហ័ស លើកិច្ចអភិវឌ្ឍន៍គ្រប់វិស័យ បានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា មានផ្លូវកៅស៊ូ បេតុង ប្រព័ន្ធធារាសាស្ត្រ សាលារៀនមន្ទីរពេទ្យ និងសមិទ្ធផលជាតិសំខាន់ៗផ្សេងទៀត សម្រាប់ប្រជាពលរដ្ឋ។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលជាមួយអាជ្ញាធរខេត្ត ប្រតិភូបន្តអញ្ជើញទៅជួបសំណេះសំណាលជាមួយស្ថប័នតុលាការបន្តទៀត។
ក្នុងកិច្ចជួបសំណេះសំណាលនោះដែរ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសសើរចំពោះថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដឹកនាំប្រតិភូកងរាជអាវុធហត្ថបារាំង បានជួបសំណេះសំណាលជាមួយមន្ត្រីសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់និងផ្លាស់ប្តូរបទពិសោធន៍ការងារប្រព័ន្ធច្បាប់ផងដែរ។
លោកបានលើកឡើងទៀតថា រយះពេលកន្លងមន្ត្រីសាលាដំបូងខេត្ត និងកម្លាំងស្ថាប័នកងរាជអាវុធហត្ថនិងកម្លាំងនគបាលបានអនុវត្តការងារបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ដែលបង្ក្រាបបទល្មើសកន្លងមកគឺប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនក្នុងការអនុវត្តន៍ការងារចុះបង្ក្រាបបទល្មើសដែលភាគច្រើនបទល្មើសគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់ហើយគេចខ្លួន។
លោក ជឺ សុខ ប្រធានសាលាដំបូងខេត្ត បានសំណូមពរដល់ប្រតិភូកងរាជអាវុធហត្ថបារាំងនិងជាប្រធានគម្រោងសហប្រតិបត្តិការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស សុំបើកវគ្គបណ្ទុះបណ្តាលជំនាញក្នុងការអនុវត្តន៍ច្បាប់ដើម្បីបង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកវរសេនីយ៍ទោ មីកាអែល ហ្គីយៀម ប្រធានគម្រោងសហប្រតិបត្តការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស បានមានប្រសាសន៍ថា កងរាជអាវុធហត្ថបារាំងបានសហប្រតិបត្តិការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេសរយ:ពេល២ឆ្នាំមកហើយ ក្នុងគោលបំណងសិក្សាស្វែងយល់ប្តូរបទពិសោធន៍ការងារបទល្មើសនិងអនុវត្តន៍ច្បាប់ ហើយគម្រោងបើកវគ្គបំប៉នជំនាញបង្ក្រាបបទល្មើសនិងអនុវត្តន៍ច្បាប់ជំនាន់ទី២៣នៅរាជធានីភ្នំពេញ និងគ្រោះបើកវគ្គបណ្តុះបណ្តាលតាមខេត្តមួយចំនួនទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ បានមានប្រសាសន៍ថា ប្រតិភូកងរាជអាវុធហត្ថបារាំងបានសហប្រតិបត្តិការជាមួយកងរាជអាវុធហត្ថហត្ថផ្ទៃប្រទេស បានធ្វើទស្សនះកិច្ចទាំង២៥រាជធានី-ខេត្ត ក្នុងគោលបំណងសិក្សាស្វែងយល់និងផ្លាស់ប្តូរបទពិសោធន៍ការងារផងដែរ៕