ព្រះសីហនុៈ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បុគ្គលម្នាក់ឈ្មោះ «យូ ណារិន» ដែលតាំងខ្លួនជាឧត្តមសេនីយ៍ផ្កាយ២ នៅបញ្ជាការដ្ឋានអង្គរក្ស ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន ពាក់ព័ន្ធករណីក្លែងបន្លំឈ្មោះថ្នាក់ឧត្តមសេនីយ៍ទោ និងរឿងប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ។
ឯកឧត្តម ឧត្តមសេនិយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួននេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ហើយធ្វើឡើងនៅចំណុចភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ង៉ែត សារិន ហៅ យូ ណារិន អាយុ៤៧ឆ្នាំ មុខរបរទិញលក់ដី មានទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រោយបញ្ចប់ការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុរួចមក ជនសង្ស័យឈ្មោះ ង៉ែត ណារិន ហៅ«យូ ណារិន» ដែលតាំងខ្លួនជាឧត្តមសេនីយ៍ ផ្កាយ២ និងមានតួនាទីជាមេបញ្ជាការរង នៃទីបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្ដ្រី ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ ដើម្បីបន្តការសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ។