បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍ការងារកងរាជអាវុធហត្ថជាមួយ លោកវរសេនីយ៍ទោ មីកាអែល ហ្គីយៀម ទីប្រឹក្សាប្រចាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យសរុបចំនួន១១៥នាក់។
ក្នុងកិច្ចសំណេះសំណាលនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធ បានមានប្រសាសន៍ថា ការចុះបេសកកម្មរបស់ទីប្រឹក្សាសហប្រតិបត្តិការកងអាវុធហត្ថបារាំងដើម្បីពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍តាមបណ្ដាអង្គអាវុធហត្ថទាំង២៥រាជធានី-ខេត្ត ដើម្បីចងក្រងជាឯកសារសម្រាប់បង្កើតជាមេរៀនថ្មីៗដើម្បីទុកបង្រៀនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថជំនាន់ក្រោយបន្តទៀត។
បន្ទាប់មកលោកវរសេនីយ៍ទោ មីកាអែល ហ្គីយៀម បានឡើងធ្វើបទបង្ហាញពីប្រវត្តិការបង្កើតអាវុធហត្ថនៅប្រទេសបារាំង និងរចនាសម្ព័ន្ធ តួនាទី ភារកិច្ចផងដែរ។
លោកវរសេនីយ៍ទោ មីកាអែល ហ្គីយៀម បានបញ្ជាក់ឲ្យដឹងទៀតថា អាវុធហត្ថនៅប្រទេសបារាំងបង្កើតឡើងតាំងពីសតវត្សទី១២មកម្លេះ។ លោកវរសេនីយ៍ទោ បានបញ្ជាក់ទៀតថា អាវុធហត្ថបារាំង ក៏ដូចអាវុធហត្ថកម្ពុជាដែរ ដូចជាការអនុវត្តន៍បទល្មើសយោធា មន្ត្រីនគរបាលយុត្តិធរ និងមន្ត្រីនគរបាលរដ្ឋបាល ជាពិសេសការចូលរួមក្នុងសង្គម ដូចជាចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផងដែរ។
ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់គណ:ប្រតិភូ ដែលអញ្ជើញចុះមកបំពេញភារកិច្ចក្នុងកិច្ចសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍ការងាររបស់ប្រតិភូទីប្រឹក្សាកងរាជអាវុធហត្ថប្រទេសបារាំង និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។