ភ្នំពេញៈ វាសនាមនុស្សម្នាក់ៗ មិនដូចគ្នាឡើយ ខ្លះលិចអណ្ដែតៗ រីឯខ្លះទៀត អណ្ដែតខ្ពស់ហួសពីការស្មាន តែសម្រាប់សុភមង្គលក្នុងគ្រួសារវិញ ក៏មិនដូចគ្នាដែរ ដោយគ្រួសារខ្លះ មានសេចក្តីសុខ និងល្អូកល្អើននឹងគ្នា តែគ្រួសារខ្លះវិញ ហាក់ដូចជាមិនសូវមានសេចក្តីសុខឡើយ។ អត្ថន័យទាំងនេះ ចង់សបញ្ជាក់ឲ្យឃើញថា មានក្មេងម្នាក់ បានតស៊ូជាច្រើនឆ្នាំ ពីកូនមន្រ្តីយោធា រហូតក្លាយខ្លួនទៅជាមេ និងមានភាពល្បាញល្បី ប៉ុន្តែជីវិតក្នុងគ្រួសារ ហាក់ឯកោ។
គិតចាប់តាំងពីថ្ងៃទី២១ កក្កដា ឆ្នាំ១៩៧៨ ជាថ្ងៃដែលចូលបម្រើកងទ័ពលើកដំបូង រហូតមកទល់ឆ្នាំ២០០៩ គឺមានរយៈពេល៣១ឆ្នាំគត់ ដែលកូនទាហានម្នាក់ បានប្រែមុខមាត់ថ្មីក្លាយខ្លួនទៅជានាយឧត្តមសេនីយ៍ ដែលបន្តមុខងាររហូតមកទល់នឹងបច្ចុប្បន្ន។
បុរស ដែលមានសម្បុរមិនសូវជាសប៉ុន្មាន រស់នៅក្នុងភូមិស្វាយកោង ឃុំស្វាយរំពេ ខេត្តស្វាយរៀង បច្ចុប្បន្នកំពុងតែមានកេរ្តិ៍ឈ្មោះល្បាញល្បី និងមានជំនាញយ៉ាងពិតប្រាកដ និយាយឲ្យចំ គឺជោគជ័យក្នុងការងារ ប៉ុន្តែសម្រាប់ជីវិតក្រុមគ្រួសារវិញ ហាក់បន្សល់នៅភាពឯកោ បន្ទាប់ពីឪពុកម្ដាយ និងប្អូន៣នាក់ ជាទីស្រឡាញ់ ត្រូវរបបអាវខ្មៅ ប៉ុល ពត សម្លាប់ចោល រួមនឹងប្អូនស្រីម្នាក់ ស្លាប់ដោយសារជំងឺ។
អាថ៌កំបាំងជីវិតតស៊ូ ពីកូនទាហានក្លាយខ្លួនទៅជានាយឧត្តមសេនីយ៍នេះ មនុស្សគ្រប់រូប ហាក់មិនសូវជាដឹងទូលំទូលាយប៉ុន្មានទេ មិនតែប៉ុណ្ណោះថែមទាំងឆ្ងល់ទៀតថា គាត់ជានរណា។
យើងសូមលាតត្រដាង ពីប្រវត្តិការងារ និងកូនទាហានម្នាក់ បានប្រែក្លាយខ្លួនទៅជានាយឧត្តមសេនីយ៍នោះ គឺនាយឧត្តមសេនីយ៍ សៅ សុខា ។
នាយឧត្តមសេនីយ៍ សៅ សុខា មានឪពុកឈ្មោះ សៅ សាំង ស្លាប់ក្នុងរបបប៉ុលពត ម្ដាយឈ្មោះ គង់ សុវណ្ណ ស្លាប់ក្នុងរបរប៉ុលពតដូចគ្នា ហើយលោកមានបងប្អូន៥នាក់ លោកគឺកូនច្បងក្នុងគ្រួសារ ក្នុងនោះមានប្រុស៣នាក់ ស្រី២នាក់ ប៉ុន្តែអកុសលប្អូនស្រីរបស់លោកបានស្លាប់ដោយសារជំងឺ នៅឆ្នាំ១៩៧២ ដោយឡែកប្អូន៣នាក់ផ្សេងទៀត ក៏ត្រូវប៉ុលពតសម្លាប់ចោលផងដែរ។ ជីវិត នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងគ្រួសារ ហាក់បន្សល់នៅភាពឯកោបន្តិច ប៉ុន្តែការងាររបស់លោកមិនឯកោឡើយ ។
នាយឧត្តមសេនីយ៍ សៅ សុខា កើតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៦១ រស់នៅក្នុងភូមិស្វាយកោង ឃុំស្វាយរំពេ ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ ស្រី ហ៊ាញ បច្ចុប្បន្នមានកូន២នាក់ ប្រុស១ ស្រី១។
បើតាមទៅជីវប្រវត្តិសង្ខេប នាយឧត្តមសេនីយ៍ សៅ សុខា បានចូលបម្រើកងទ័ព នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ ជានារសាមេបញ្ជាការកងអង្គភាព៥៧៨ នៅក្នុងឆ្នាំ១៩៧៨រហូតដល់១៩៧៩ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឡើងមុខងារ ទៅជាប្រធានកងអនុសេនាតូច វរសេនាលេខ១០ លុះឆ្នាំ១៩៧៩ដល់១៩៨០ លោកក្លាយទៅជាប្រធានកងពលអនុសេនាធំ វរសេនាលេខ១០ លុះឆ្នាំ១៩៨០ដល់១៩៨១ លោកបានក្លាយខ្លួនទៅជាជំនួញការយុវជនកងពលលេខ១ នៅអំឡុងឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨៣ លោកទៅជាអ្នកបណ្ដុះបណ្ដាលវិទ្យាសាស្រ្តនយោបាយ និងរដ្ឋបាល សាធារណៈនៅប្រទេសវៀតណាម បន្ទាប់មកក្នុងឆ្នាំ១៩៨៣ដល់១៩៨៥ លោកឡើងទៅជាប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំង អគ្គស្នងការនយោបាយ លើសពីនេះ នៅឆ្នាំ១៩៨៥ដល់១៩៨៦ លោកទៅជាអ្នកបណ្ដុះបណ្ដាលវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈនៅសហភាពសូវៀត ហើយនៅឆ្នាំ១៩៨៦ដល់១៩៨៩ លោបានក្លាយទៅជាប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំង អគ្គស្នងការនយោបាយ រហូតដល់ឆ្នាំ១៩៨៩ដល់១៩៩១ លោកបានឡើងទៅជាអនុស្នងការចាត់តាំង អគ្គស្នងការនយោបាយ ចាប់តាំងពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣ លោកបានក្លាយទៅជាប្រធានក្រុមយោធាចម្រុះភាគីរដ្ឋកម្ពុជា ប្រចាំទិសខេត្តកំពង់ធំ លុះឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៩ ការតស៊ូរបស់លោកក្លាយទៅជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្ទាប់មកនៅឆ្នាំ១៩៩៩ រហូតមកទល់នឹងបច្ចុប្បន្ន លោកបានក្លាយខ្លួនទៅជានាយឧត្តមសេនីយ៍ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើសពីនេះ លោក៏មានតួនាទីមួយទៀតផងដែរ នៅអគ្គមេបញ្ជារងកងយោធពលខេមរភូមិន្ទ។
យោងតាមគេហទំព័រផ្លូវការរបស់កងរាជអាវុធហត្ថ នាយឧត្តមសេនីយ៍ សៅ សុខា បានចូលបម្រើកងទ័ពតាំងក្មេង គ្រាដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមេបញ្ជាការ។
ក្នុងរយៈពេល៣៩ឆ្នាំនេះ នាយឧត្តមសនីយ៍ សៅ សុខា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរួមចំណែកក្នុងការបម្រើជាតិ មាតុភូមិកម្ពុជា ដោយមានឆន្ទៈក្លាហាន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីការងារកងទ័ព បុរស ដែលមានមាឌមាំ នាយឧត្តមសេនីយ៍ សៅ សុខា ក៏មាននិស័្សយចូលចិត្តការសិក្សាស្រាវជ្រាវ សិល្បៈ វប្បធម៌ និងកីឡាផងដែរ៕